រដ្ឋាភិបាលចិនផ្តល់សំភារៈសម្រាប់ការបោសសម្អាតមីននៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2019 ក+ ក-

ដោយ ៖​ សុត្ថារ៉ា

ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៤ មិថុនា នេះ បានផ្តល់នូវសំភារៈ សម្រាប់ការបោសសំអាតមីននៅកម្ពុជាជាច្រើនមុខ ក្នុងនោះមាន រថយន្ត ម៉ូតូ ឧបករណ៍រាវលោហៈ ធាតុ ប្រអប់សំភារៈ សម្លៀកបំពាក់ការពារ មួកការពារ ម៉ាស៊ីនបំផ្ទុះ ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវ៉ាត់ជាដើមជូនដល់អាជ្ញាធរមីនដើម្បីធ្វើសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅ កម្ពុជា ក្នុងន័យចូលរួមចំណែកជួយកម្ពុជាឱ្យសម្រេចបាននូវផែនការរំដោះផ្ទៃដីឱ្យរួចផុតពីគ្រាប់មីន ទាំងស្រុងត្រឹមឆ្នាំ ២០២៥។

ក្នុងពិធីប្រគល់ និងទទួល ជំនួយនេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ មីន និង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសុទ្ធតែបានចាត់ទុកទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា ចិន ថាមានសារៈសំខាន់ ហើយថាការផ្តល់ជំនួយរបស់ប្រទេសចិនពិតជាបាន រួមចំណែកយ៉ាងសំខាន់បំផុតនៅក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។

សម្រាប់វិស័យសកម្មភាពមីន លោក ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា រយៈពេល២៧ ឆ្នាំមកនេះ កម្ពុជាបានបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានផ្ទៃដីចំនួន ១៨៦៩ គីឡូ ម៉ែត្រក្រឡា យកមកប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋាន ការបង្កបង្កើនផល និងគាំទ្រដល់ការ អភិវឌ្ឍ ក្នុងនោះយើងបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំង រថក្រោះជាង ២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមជិត ៣លានគ្រាប់ ព្រមទាំងមានអ្នកទទួល ផលសរុបជិត ៦លាននាក់។

លោក នោះដីចំការមីនជាង ៩០០គីឡូម៉ែត្រក្រឡា ដីចំការគ្រាប់បែកចង្កោមជាង ៧០០គីឡូម៉ែត្រក្រឡា និង ដីចំការគ្រាប់ជិត ៥០០គីឡូម៉ែត្រក្រឡាទៀតដែលកំពុងគំរាមកំហែងដល់ការរស់នៅ ការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានរារាំងដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

គួរជម្រាបជូនថា ឆ្លៀតក្នុងឱកាសនៃពិធីប្រគល់ និងទទួលសំភារៈបំរើការបោសសំអាតមីន កាលពីព្រឹកនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian ក៏បានបញ្ជាក់អំពីការគាំទ្រឱ្យ មានចំណាត់ការតាមផ្លូវច្បាប់ចំពោះជនជាតិចិនទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធនៅក្នុងការ ដ្ឋានសំណង់អគារដែលបានបាក់រលំនៅខេត្តព្រះសីហនុដែលនាំឱ្យមានកម្មករស្លាប់ និងរបួសជាច្រើន នាក់ ហើយជាមួយគ្នានេះឯកឧត្តមទូតបានសម្តែងនូវអារម្មណ៍ក្តុកក្តួលជាពន់ពេកចំពោះឧបទ្ទហេតុ
នេះ៕