ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ រថយន្តស៊េរីទំនើបចំនួន៥គ្រឿង ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៏ជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវ និងឈានទៅបង្ក្រាបបាននៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានភាពមិនប្រក្រតី។
យោងតាមរបាយការណ៍សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានឲ្យដឹងថា រថយន្តដែលស្រាវជ្រាវបង្ក្រាបបានមានចំនួន០៥គ្រឿង។
ទី១ ម៉ាក Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244 ,ទី២ម៉ាក TOYOTA Vellfire ផលិតឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខម 01-2-2547, ទី៣ម៉ាក Lexus GS300 ផលិតឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893,ទី៤ម៉ាក TOYOTA Land Cruiser ផលិតឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313, និងទី៥ ម៉ាក Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម02-2-1528 ។
បើទោះបីរថយន្តទាំង០៥គ្រឿងមានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានរកឃើញថារថយន្តទាំងអស់នេះមិនទាន់បានបំពេញកាតព្វកិច្ច ពន្ធ និងអាករ នាំចូលឲ្យបានត្រឹមត្រូវនៅឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះសិន ។
សាខាគយបានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមបំពេញកាតព្វកិច្ច ពន្ធគយ និងរដ្ឋាករឲ្យបានត្រឹមត្រូវ ហើយរាល់ការទិញឬលក់រថយន្តត្រូវពិនិត្យផ្ទៀងផ្ទាត់គ្រប់ឯកសារគយច្បាស់លាស់ផងដែរ ។
សូមបញ្ជាក់ថា ករណីនៃបង្ក្រាបបទល្មើសគយទាមទាឲ្យមន្ត្រីគយ បើកការស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈនិងច្បាប់ ។
បច្ចុប្បន្នសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ ធ្វើកំណត់ហេតុបទល្មើសគយបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករសុំសេចក្តីសម្រេច៕