រដ្ឋបាលស្រុកសាមគ្គីមានជ័យ ទទួលបដិសណ្ឋារកិច្ច ប្រតិភូរបស់ក្រុមការងារធនាគាពិភពលោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2019 ក+ ក-

 

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១៥នាទីព្រឹក រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងធនាគាពិភពលោក នៅសាលប្រជុំសាលាស្រុក ក្រោមអធិបតី លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ។

លោក ជ័យ សម្បត្តិផល្លា ប្រធានក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រុមការងារធនាគារពិភពលោក បានបញ្ជាក់ពីគោលបំណងនៃការធ្វើទស្សនកិច្ចសិក្សាគឺ ដើម្បីសិក្សារៀនសូត្រអំពីប្រព័ន្ធ បែបបទ និងនីតិវិធីនៃការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំកម្មវិធីឃុំសម្រាប់ស្ត្រី និងកុមារ នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា។

កិច្ចពិភាក្សា និងពិគ្រោះយោបល់ក្នុងការរៀបចំគម្រោងមូលនិធិនៃការផ្តល់សេវានៅរដ្ឋបាលឃុំ និងពិនិត្យមើលការរៀបចំស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធមូលនិធិនៃការផ្តល់សេវាសហគមន៍ ដើម្បីប្រមូលធាតុចូល សម្រាប់ពិនិត្យកែសម្រួលចុងក្រោយនៃ”សៀវភៅណែនាំបច្ចេកទេសអំពីការអនុវត្តសមាសភាគទី២ នៃគម្រោងអាហារូបត្ថម្ភកម្ពុជា” នៅរដ្ឋបាលស្រុក និងឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាលនោះ លោក វន ស៉ីផា អភិបាលស្រុក បានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយ និងបានបង្ហាញអំពីស្ថានភាពទូទៅ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដោយបានបញ្ជាក់អំពីសកម្មភាពដែលរដ្ឋបាលស្រុកបានអនុវត្តគម្រោងអាហាររូបត្ថម្ភ ដៃគូសហការដែលបានជួយឧបត្ថម្ភគាំទ្រ និងសហការ រួមទាំងបញ្ហាប្រឈម និងទិដៅការងារបន្តការងារអាហាររូបត្ថម្ភនៅស្រុកសាមគ្គីមានជ័យ។

ក្រុមប្រតិភូរបស់ក្រុមការងារគម្រោងអាហារូបត្ថម្ភនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រុមការងារធនាគារពិភពលោក ក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយអភិបាល និងអភិបាលរងស្រុកទទួលបន្ទុកផែនការ និងគាំទ្រឃុំ , ក្រុមប្រឹក្សាស្រុក , ប្រធាន គ.ក.ស.ក ស្រុក , ការិ.ផែនការ និងគាំទ្រឃុំ , ការិ.កិច្ចការនារី , ការិ.ផែនការ , ការិ. អ.យ.ក ស្រុក , ការិ. ប្រតិបត្តិសុខាភិបាលស្រុក ដោយផ្តោតសំខាន់ក្នុងការរៀបចំគម្រោងមូលនិធិនៃការផ្តល់សេវានៅរដ្ឋបាលឃុំ និងពិនិត្យមើលការរៀបចំស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីរៀបចំប្រព័ន្ធមូលនិធិនៃការផ្តល់សេវាសហគមន៍ ដើម្បីប្រមូលធាតុចូល សម្រាប់ពិនិត្យកែសម្រួលចុងក្រោយនៃ”សៀវភៅណែនាំបច្ចេកទេសអំពីការអនុវត្តសមាសភាគទី២ នៃគម្រោងអាហារូបត្ថម្ភកម្ពុជា” ៕