ភ្នំពេញ៖កុមារីអាយុជាងមួយខួបម្នាក់បានស្លាប់ក្រោយពេលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានព្យាយាមជួយសង្គ្រោះមិនបានសម្រេច ដោយសារម្តាយមីងក្មេងនោះបានយកត្រីអណ្តាតឆ្កែរស់ទៅជន្លលេង តែចៃដន្យត្រីបម្រះរបូតចូលមាត់ ទើបភ័យស្លន់ស្លោបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ដ៍កម្រនេះ បានកើតឡើងនៅម៉ោង៨ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅលំនៅដ្ឋានមួយកន្លែងតាមមាត់ច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ក្រោយពេលកើតហេតុ ស្ត្រីម្នាក់ជាម្តាយមីងត្រូវបានសមត្ថកិច្ច នគរបាលនាំខ្លួនទៅស្នាក់ការប៉ូលីសដើម្បីធវើកំណត់ហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់ មានឈ្មោះ យ៉ា កាន់ មានឪពុកឈ្មោះផន រយ៉ា អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ជា កែវ អាយុ២២ឆ្នាំ។រីឯម្តាយមីងក្មេងស្រីរងគ្រោះ ដែលជនសង្ស័យ ឈ្មោះ ជា សុភាព អាយុ៣៥ឆ្នាំ។អ្នកទាំង៤ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្រីម្នាក់ទៀតអាយុជាង១ខួបបានកាន់ត្រីអណ្តាតឆ្កែមួយ ក្បាលលេង ភ្លាមនោះស្ត្រីជាម្តាយមីងបានស្ទុះទៅចាប់យកត្រីអណ្តាតឆ្កែពីដៃ ក្មេងស្រីដែលកំពុងកាន់លេងនោះ មកជន្លរលេងជាមួយក្មួយស្រីខ្លួន ស្រាប់តែត្រីនោះបង្រះរបួតពីដៃ លោតចូលមាត់ក្មួយ ហើយភ្លាម ក៍នាំគ្នាគាស់ចាប់ទាញត្រីចេញពីមាត់ ដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនអាចទាញត្រីនោះចេញបាន ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ឋបុប្ផា តែជាអកុសលក្មេងស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុស្ត្រីជាម្តាយមីងត្រូវបានសមត្ថកិច្ចនគរបាន ខណ្ឌជ្រោយចង្វា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាសួរនាំ និងបន្តចាត់ការតាមផ្លូវច្បាប់៕