សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ ធ្វើអាជីវកម្ម និងមិនឲ្យតទឹកភ្លើ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2019 ក+ ក-

 

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែលគ្មានច្បាប់ត្រឹមត្រូវនៅខេត្តព្រះសីហនុ គឺមិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ ១៦៥ក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

ការដាក់កំហិតបែបនេះ គឺបន្ទាប់ពីកើតមានឧប្បត្តិហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបានបណ្តាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និងរងរបួសចំនួន២៦នាក់។ អគារដែលបាក់រលំនេះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុអះអាងថា គ្មានច្បាប់អនុញ្ញាត។

នៅក្នុងជំនួបសំណេះសំណាល លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានស្នើសុំឱ្យក្រុមហ៊ុននិងនចិត្តបង្កើនការវិនិយោគ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ថា សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម មិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។

ដោយឡែកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកគន់ គីម ទេសរដ្ឋមន្រ្តីមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអង្គភាពពាក់ព័ន្ធ។
ជាលទ្ធផល នៃកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោមៈ ប្រកាសសមាសភាពគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីនុ និងក្រុមការងារបច្ចេកទេស បានអនុម័ត និងដាក់អោយអនុវត្ត check list ក្នុងការចុះពិនិត្យសំណង់ ដើម្បីមានមូលដ្ឋានវាយតម្លៃអំពីគុណភាពសំណង់។ ស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើអនុវត្តការងារពេលមួយសប្តាហ៍ក្នុងជំហានដំបូងដោយត្រូវប្រតិ្តបត្តិឱ្យបានម៉ងចត់ សុក្រឹត្យ និងគោរពក្រមសីលធម៏ វិជ្ជាជិវៈ។

ផ្អែកលើលទ្ធផលទទួលបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បូកសរុបរបាយការណ៍ព្រមទាំងពិគ្រោះយោបល់ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ និងសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឱ្យមានរថយន្តពន្លត់អគ្គិភ័យសម្រាប់ខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រតិបត្តិការដល់កម្ពស់ ៥៧ជាន់ ចំនួន ២គ្រឿង សម្រាប់បង្កើនសមត្ថភាពសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ៕