តម្រួតថៃចាប់រថយន្តជាង៣០គ្រឿងដែលបម្រុងលួចឆ្លងដែនចូលមកកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2019 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ រថយន្តជាច្រើនម៉ាកសរុបជាង៣០គ្រឿងត្រូវបានកម្លាំងតម្រួតថៃសហការ ជាមួយទាហានព្រំដែនគោកធ្វើការរឹបអូសជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវ បន្ទាប់ពីគេសង្ស័យថា អាចមានការពាក់ព័ន្ធទៅនឹងអំពើចោរកម្ម ឬក៏ទាក់ទិននឹងរឿងអ្វីមួយដែលមិនស្របច្បាប់នៅក្នុងប្រទេសថៃ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចក្នុងឃ្លាំងនៃរោងម៉ាសីនកិនស្រូវដ៏ទ្រុឌទ្រោម មួយកន្លែងតាមបណ្តោយផ្លូវលេខ៣៤៨ (អារញ្ញប្រាថេត-គោកឃ្យូង-តាផៈយ៉ា) ស្ថិតក្នុងភូមិ៤ឃុំ បានម៉ៃណងសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា ដោយក្នុងនោះមានកម្លាំងស្នងការតម្រួតខេត្តស្រះកែវសហការជាមួយ កម្លាំងតម្រួតខេត្ត ប្រាជីនបុរី និងទាហានព្រំដែនគោកលេខ១៩ ការត្រួតពិនិត្យជារួមគឺ ក្នុងនោះមានត្រាក់ទ័រ២គ្រឿង រថយន្តហុកឡចំនួន២គ្រឿង និងរថយន្តតូចចម្រុះមានចំនួន២៨គ្រឿងសរុបទាំងអស់គឺ៣២គ្រឿងក្រោម ការគ្រប់គ្រងរបស់ម្ចាស់ឈ្មោះ លិខិតថង ណាក់ ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅត្រង់ចំណុចខាងលើ។

 

 

ក្រោយការឃាត់ខ្លួនយកទៅសាកសួរអ្នកគ្រប់គ្រងរូបនេះបានអះអាងថា ភាគច្រើនគឺជារថយន្តគេយកមកបញ្ចាំដែលមកពីខាងកាស៊ីណូ ប៉ោយប៉ែត ប៉ុន្តែមិនឃើញមកលោះវិញ បើទោះបីជាបែបនេះក្តី ក៏កម្លាំងជំនាញបានសម្រេចដកហូតដើម្បីពិនិត្យ និងស្រាវជ្រាវសិនដោយចង់ដឹងថា ជារថយន្តបានមកពីអំពើចោរកម្ម ឬក៏ជារថយន្តដែលត្រៀមបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសជិតខាង ហើយបើពិតជារថយន្តបញ្ចាំមែនក៏ត្រូវពិនិត្យទៅលើអត្រាការប្រាក់ដែរ ថាតើអាចលើសពីគោលការដែលបានកំណត់ដែរ ឬទេបើយ៉ាងដូច្នេះមែនគឺម្ចាស់ក៏ត្រូវមានទោសតាមច្បាប់៕