ដោយ ៖ សុត្ថារ៉ា
ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក ( WTO ) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីពី«ត្រួតពិនិត្យឡើងវិញ ជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។
( រូបតំណាង )
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ មិថុនា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ និងត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ដែលក្នុងឱកាសនោះ សម្តេចនឹងគូសបញ្ជាក់ពីបទពិសោធន៍ក្នុងកិច្ចខិតខំប្រឹងប្រែង និងយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការជម្នះឧបស័គ្គនានាដែលនាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើររបស់ប្រទេសកម្ពុជា ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារសំខាន់ និងច្បាស់លាស់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោ នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ហើយក្រៅពីនោះ សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គមដែលរៀបចំដោយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
គួរជម្រាបថា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត ក្នុងរាជរដ្ឋាភិបាលផងដែរ៕