ដោយ ៖ នូរ៉ាត់
ភ្នំពេញ ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនដៃគូ បានប្រកាសពីគម្រោងរៀបចំពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើកទី៣ នៅរាជធានីភ្នំពេញ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលជាវេទិកាជួបជុំក្នុងការធ្វើធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនក្នុងស្រុកជាមួយនឹង ក្រុមហ៊ុនអន្តរជាតិនានា ដែលជាប្រភពទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជារួមមានអ្នកទិញជាតិ និងអន្តរជាតិ អ្នកលក់សេវាកម្មជាតិ និងអន្តរជាតិសរុបប្រមាណ ៥០០ក្រុមហ៊ុន និងមានការចូលរួមពី ស្ថាប័នទេសចរណ៍អន្តរជាតិនានានៃប្រទេសអាស៊ាន ដើម្បីទិញលក់កញ្ចប់ទស្សនកិច្ច ចែករំលែកបទ ពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរកិច្ចជាមួយគ្នា។
សម្រាប់គម្រោងរៀបចំព្រឹត្តការណ៍ខាងលើនេះ ក្រសួងទេសចរណ៍រសៀលថ្ងៃទី១ កក្កដា នេះ បានធ្វើពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ស្តីពីការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានហៅពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរ ជាតិលើកទី៣ នៅរាជធានីភ្នំពេញ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩ ខាងមុខថា ជាព្រឹត្តការណ៍ដ៏មានសារសំខាន់ដែលធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសក្តា នុពលទេសចរណ៍របស់កម្ពុជា និងតំបន់ទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ សំដៅបង្កើនទំនាក់ ទំនងពាណិជ្ជកម្មលើវិស័យទេសចរណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ។
លោកថា ព្រឹត្តិការណ៍នេះ នឹងជំរុញការលក់កញ្ចប់ទស្សន កិច្ចមកកម្ពុជាកាន់តែច្រើន ដើម្បីរក្សាបាននូវកំណើនទេសចរឱ្យសម្រេចបានតាមការរំពឹងទុកជាង ៧ លាននាក់នៅឆ្នាំ២០២០ និងចំណូលប្រមាណ ៥ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារ ដោយផ្ទាល់ និងប្រយោលរាប់លានកន្លែងជូនពលរដ្ឋកម្ពុជា។
បើតាមលោក សូ ម៉ារ៉ា ថាកាលពី ឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ២សែននាក់ កើនឡើង ១០,៧% ដោយបាននាំមកចំណូលប្រមាណ ៤ពាន់ ៣៧៥លានដុល្លារអាមេរិក រួមចំណែក ១២,៧% នៃផលិត ផលក្នុងស្រុកសរុប។ ដោយឡែកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិជាង ២លាន ៤សែននាក់ កើនឡើង ១១,១% ៕