ស្ត្រីវ័យក្មេងម្នាក់ត្រូវជាប់ទោស១៦៥ឆ្នាំដោយសារពាក់ព័ន្ធជាមួយប្តីជាចោរប្លន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2019 ក+ ក-

ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ត្រីដែលកំពុងជាប់ពន្ធនាគារ ហើយមានទោស១៦៥ឆ្នាំនោះ ជាមួយបទល្មើសពី៨ទៅ៩កន្លែង ឬសម្លាប់មនុស្ស៨ ឬ៩នាក់ ដោយស្ត្រីរូបនេះជាប់ពាក់ព័ន្ធនឹងប្តីជាចោរប្លន់ជាក្រុមដ៏សាហាវនៅភ្នំពេញ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា ករណីស្ត្រីជាប់ទោសរហូតដល់ ១៦៥ឆ្នាំ ហើយកំពុងជាប់ពន្ធនាគារនៅម២ ថា ការជាប់ទោសរហូតដល់ជាង ១០០ឆ្នាំនេះ ដោយសារតែអ្នកទោសនោះ បានប្រព្រឹត្តិបទល្មើសពី៨ទៅ៩កន្លែង ឬសម្លាប់មនុស្ស៨ឬ៩នាក់។ ស្ត្រីរូបនេះ ជាប់ពាក់ព័ន្ធនឹងប្តីជាចោរប្លន់ជាក្រុមដ៏សាហាវ ដែលជាមុខសញ្ញាប្លន់យ៉ាងសាហាវជាក្រុម ហើយប្តីត្រូវបានគេបាញ់ស្លាប់ ចំណែកបក្ខពួកផ្សេងទៀត រួមទាំងនាងត្រូវចាប់បានយក មកអនុវត្តទោសរហូតមកដល់បច្ចុប្បន្ន។ លោកថា ប៉ុន្តែទោះបីជាយ៉ាងណានឹង ត្រូវអនុវត្តទោសណាដែល មានចំនួនច្រើនឆ្នាំដែលច្បាប់កំណត់ ចំពោះអំពើនៃបទល្មើសដែលបានប្រព្រឹត្តិប៉ុណ្ណោះ។

អ្នកទោសនេះមិនមែន ប្រព្រឹត្តបទល្មើសរយៈពេលឆាប់ទេ គឺអាចធ្វើសកម្មភាពច្រើនឆ្នាំ ហើយគេបូកបញ្ចូលគ្នា។ គេមិនអនុវត្តទោស១៦៥ឆ្នាំនោះទេ គឺចៅក្រមអនុវត្តទោស ណាដែលខ្ពស់ជាងគេ។ ស្រ្តីនោះអាចប្តឹងទៅសាលាឧទ្ធរណ៍ ឬសាលាកំពូលបន្តបាន នៅពេលប្រកាសជាស្ថាពរ អាចសម្រេចទោសពី២០ឆ្នាំ ឬ៣០ឆ្នាំនោះ គឺជាការសម្រេចរបស់ ចៅក្រមនៃសាលឧទ្ធរណ៍ ឬសាលាកំពូល ។

នៅពេលចាប់ខ្លួននាងមានគភ៌ ៣ខែមកហើយ ដូច្នេះពេលនេះនាងបាន ជាប់ពន្ធនាគារ៣ឆ្នាំហើយ។ តាមច្បាប់កូនដែលមានអាយុក្រោម៣ ឆ្នាំ កូនអាចនៅជាមួយម្តាយបាន លើកលែងតែម្តាយមិនឲ្យនៅជាមួយ ហើយបើកូនមានអាយុលើសពី៣ឆ្នាំ ច្បាប់មិនអនុញ្ញាតឲ្យកូននៅជាមួយនោះទេ” ។ រដ្ឋមន្ត្រីក៏បានឲ្យដឹងថា លោកក៏កំពុងតាមដានលើសំណុំរឿង ប៉ុន្តែអ្វីៗគឺជាការងាររបស់តុលាការ ព្រោះ តុលាការបានធ្វើទៅតាមច្បាប់ត្រឹមត្រូវ។

គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមចំនួន៤ផ្តន្ទាទោសផ្សេងគ្នា បើបូករួមទាំងទោសក្នុងសំណុំរឿង នីមួយៗកើនឡើងដល់១៦៥ឆ្នាំ ក៏ប៉ុន្តែសាលក្រមនេះមិនទាន់ចប់នោះទេ គឺបានប្តឹងដល់សាលាឧទ្ធរណ៍ ។ អ្នកទោសស្ត្រីខាងលើនេះ មានសំណុំរឿងរហូតដល់ ៩បូកបញ្ចូលគ្នា ទើបគាត់មានទោសរហូងដល់១៦៥ឆ្នាំ។

កាលពីថ្ងៃទី២ កក្កដាកន្លងទៅ លោក កែវ រ៉េមី បានបញ្ជាក់នៅលើហ្វេសប៊ុកថា នាយិការអង្គការអភិវឌ្ឍកុមារកម្ពុជា លោកស្រី ឈូក សីហា យកទៅចិញ្ចឹមបី បាច់ថែរក្សា។ នៅថ្ងៃនេះ លោក កែវ រ៉េមី បានអរគុណ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯ.ឧ ជីវ កេង អនុប្រធានតុលាកំពូលដែលបានយកចិត្តទុកដាក់លើករណី ពេជ្រ សូណែតដើម្បីបង្កើនល្បឿនទាក់ទងបណ្តឹងឧទ្ធរណ៍។ កាលណាចូលជាស្ថាពរហើយ, តុលាការនឹងប្រើវិធានស្រូបទោស ដោយយកទោសធ្ងន់ជាងគេតែមួយយកមកអនុវត្តន៍ បើទោះជាគាត់ជាប់ទោសច្រើនរាប់សិបឆ្នាំច្រើនករណីយ៍យ៉ាងណាក៏ដោយ។ លោកថា «ខ្ញុំនឹងស្នើមេធាវីសម្តេចតេជោជួយទទួលរឿងក្តីនេះ»៕