ដោយ ៖ ផានូរ៉ាត
ភ្នំពេញ ៖ ក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើង ដើម្បីកៀរគរអំណោយឧបត្ថម្ភធន និងវិភាគទានពីប្រភពស្របច្បាប់នានា សំដៅធានានូវចីរភាព នៃ ប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ១៦៩,២១៣,៣០០រៀល និង៩៨,៩៨៦ដុល្លារអាមេរិក។
បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទើបទទួលបានថវិកាបរិច្ចាគចំនួន ៩១៣,០៨៦ ដុល្លារ អាមេរិក ដែលជាទឹកប្រាក់កាត់ទុកពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ពីគ្រឹះស្ថានអង្គរ ហើយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំផ្ទេរនូវថវិកានេះ ជូនទៅមន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ។
តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាពីរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា, គ្រឹះស្ថានអង្គរ, សមាជិក និងសប្បុរស ជននានាចំនួន ៧,៤៧៤រូបនូវទឹកប្រាក់ចំនួន ៧០២,២៤២,២៧៦រៀល និង ២,៤៣០,២២៧ ដុល្លារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន ថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ច ដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា ផងដែរ៕