ភ្នំពេញ ៖ តាមសំណើររបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យឋាមពល ដើម្បីឆ្លើតបនឹងតម្រូវការចាំបាច់ឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញ ការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនី ឱ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។
គម្រោងវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្កាវ៉ាត់ គឺជាគម្រោងអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានបញ្ចូល ក្នុងផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនី ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ។
ការធ្វើការវិនិយោគដំឡើងបន្ថែមផ្ទាំងសូឡាផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអានុភាព២០មេហ្កាវ៉ាត់ ដែលអាចនឹងដាក់ឱ្យដំណើរការនៅក្នុងខែធ្នូឆ្នាំ២០១៩នេះ លើទីតាំងដែលមានស្រាប់បច្ចុប្បន្ន ស្ថិតក្នុងគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ នៅតំបន់ត្មាតពងស្រុកឧដុង្គខេត្តកំពង់ស្ពឺ និង គម្រោងអភិវឌ្ឍន៍ ដើរដោយព្រះអាទិត្យមានអានុ-ភាពសរុប១២០មេហ្កាវ៉ាត់មានចំនួន២កន្លែងគឺទី១អានុភាព៦០មេហ្កាវ៉ាត់នៅខេត្តកំពង់ឆ្នាំង និងទី២អានុភាព៦០មេហ្កាវ៉ាត់នៅខេត្តពោធិ៍សាត់ ដែលអាចនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០និងនៅដើមឆ្នាំ២០២១ខាងមុខ ជាលក្ខណៈបន្ទាន់នោះ នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ ត្រូវបានព្រឹទ្ធសភាលើកយកមក ពិនិត្យនិងឱ្យយោបល់និងឯកភាពទាំងស្រុង តាមសំណើររបស់រាជរដ្ឋាភិបាល នៅក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤របស់ខ្លួន ដោយមានសមាជិកព្រឹទ្ធសភាគាំទ្រចំនួន៤៨រូប។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាងច្បាប់សំខាន់ៗនេះ គឺផ្តល់នូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ៖ ទទួលបាននូវប្រភពអគ្គិសនីមួយ ដែលចេញពីធនធានធម្មជាតិ ក្នុងស្រុកកាត់បន្ថយការប្រើប្រាស់ប្រេង និងមានថ្លៃលក់ថេរ ក្នុងរយៈពេល៣៥ឆ្នាំគឺ៧,៩សេនអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមបានឆាប់រហ័ស។ បង្កើតប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិដោយការផ្តល់ការងារយ៉ាងច្រើន នៅពេលសាងសង់ និងប្រតិបត្តិការ។
ប្រជាជនមួយចំនួនក៏អាចបង្កើតប្រាក់ចំណូលពីមុខរបរជំនួញផ្ទាល់របស់ពួកគេ ដែលទាក់ទងនឹងសកម្មភាពគម្រោង ព្រោះថានៅតំបន់នោះ មានភូមិសាស្រ្តធម្មជាតិ អំណោយផល ធ្វើឱ្យគម្រោងនេះ មានលក្ខណៈពិសេស ដែលអាចរក្សាទឹកទុក សម្រាប់ការផលិតថាមពលនៅរដូវប្រាំងរហូតដល់៧០% ខុសពីគម្រោងដទៃទៀត ដែលតាមធម្មតាការផលិតថាមពលនៅរដូវប្រាំងបានត្រឹម៣០% ឬករណីខ្លះធ្លាក់ចុះទាបជាងនេះ។
ដោយសារលក្ខណៈពិសេសនេះហើយ ដែលគម្រោងនេះត្រូវបានស្វាគមន៍។
ក្រៅពីនេះព្រឹទ្ធសភា ក៏បាន ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា-ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣។
សូមបញ្ជាក់ថា រាល់សេចក្តីព្រាងច្បាប់និមួយៗ មានតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារ និងពន្យល់យ៉ាងលំអិតទាក់ទង និង ផលប្រយោជន៍ តួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលផងដែរ៕