ខេត្តកំពង់ចាម ៖ ក្នុង១ថ្ងៃៗមានក្មេងមិនតិចជាង ៣០នាក់នោះទេ ដែលកើតជំងឺគ្រុនឈាមមកពីតំបន់ផ្សេងៗត្រូវបានបញ្ជូនមកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្នុងនោះភាគច្រើនជាសះស្បើយបានត្រឡប់ទៅផ្ទះវិញ តែក៏មានភាគតិចណាស់បានស្លាប់ ដោយសារតែកត្តាឪពុកម្តាយទុកឲ្យកូនឈឺធ្ងន់ទើបបញ្ជូនមករកពេទ្យ ដែលការយឺតយាវនេះហើយទើបគ្រូពេទ្យ ពិបាកក្នុងការសង្រ្គោះ ។
លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា អនុប្រធានគ្រូពេទ្យផ្នែកកុមារនៅមន្ទីរពេទ្យខេត្ត មានប្រសាសន៏ឲ្យដឹងនៅព្រឹកថ្ងៃទី១២ កក្កដា ២១០៩ថាៈ ការកត់សំគាល់កន្លងមកក្នុងរយៈពេលចំនួន០៤ឆ្នាំនិងមានផ្ទុះជំងឺគ្រុនឈាមម្តង តែមកដល់ឆ្នាំ២០១៩មានការប្រែប្រួលមិនដូច្នោះទេ គឺមានក្មេងប្រុសស្រីត្រូវបានបញ្ជូនមកពីតាមបណ្តាស្រុកនៅជុំវិញក្រុងកំពង់ចាម ក្នុងនោះក៏មានខេត្តនៅឆ្ងាយៗដូចជាៈ
ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី ត្រូវបានបញ្ជូនមកសង្រ្គោះហូរហែរ ថ្នាំសង្កូវ សេរ៉ូមមិនខ្វះឡើយ ។
លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទឫទ្ធា មានប្រសាសន៏បន្តថាចាប់តាំងពីដើមខែមករារហូតមកដល់ខែកក្កដា២០១៩ អ្នកជំងឺដែលត្រូវបានបញ្ជូនមកសង្រ្គោះនៅ មន្ទីរពេទ្យខេត្តមានចំនួន៨៨៣នាក់ ក្នុងនោះមានចំនួន៧នាក់ដែលមានសភាពធ្ងន់ ត្រូវបានបញ្ជូនមកពីស្រុកឆា្ងយ ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្រ្គោះដែរតែមិនអាចសង្រ្គោះបាន គ្រោះអកុសលក៏បានស្លាប់គួរឲ្យសោកស្តាយ។សម្រាប់ឆ្នាំ២០១៨វិញអ្នកជំងឺបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានសង្រ្គោះទាំងអស់មិនមានអ្នកស្លាប់នោះទេ។បើនិយាយពីរោគសញ្ញាវិញវិញតំបូងអ្នកជំងឺមានអាការៈក្តៅខ្លួនខ្លាំងប្រើថ្នាំបញ្ចុះកំដៅមិនចុះ មិនហូប ក្អួតចង្អោរចុកពោះ ឈឺក្បាលសូមប្រញាប់ប្រញាល់នាំកូន មកសង្រ្គោះនៅមន្ទីរពេទ្យជាបន្ទាន់ ។
លោកវេជ្ជបណ្ឌិត គីម គឹមស្រ៊ន់ ប្រធានផ្នែកកុមារនៅមន្ទីរពេទ្យខេត្ត មានប្រសាសន៏ថារាល់ថ្ងៃគ្រែដេកសម្រាប់អ្នកជំងឺគ្រុនឈាមមានចំនួន៦០គ្រែ តែដោយនៅក្នុងឆ្នាំ២០១៩មានការផ្ទុះឡើងជំងឺគ្រុនឈាមគ្រាន់តែក្នុង១ថ្ងៃៗមានក្មេងមិនតិចជាង៣០នាក់នោះទេ ត្រូវបានបញ្ជូនមកសង្រ្គោះរហូតដល់លើសចំនួនគ្រែដេកទោះបីជាលោកសាស្រ្តាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តប្រឹងបន្ថែមគ្រែចំនួន៤០ទៀតក្តីនិងបានហៀរដល់ដេកនៅលើកំរាលអិដ្ឋក៏មានដែរ។ដោយសារតែមានជួបនឹងកង្វះកន្លែងសម្រាកបែបនេះ ក៏មានការតសំយាបនៅក្រោយអគារដើម្បីដាក់គ្រែនិងប៉ៅអ៊ីដេក។
ជាមួយនោះក៏សំណូមពរធ្វើយ៉ាងណាឲ្យក្មេងស្លៀកពាក់ខោអាវវែងៗការពារកុំឲ្យមូលខាំ ដេកនៅក្នុងមុង បំបាត់ជំរកមូលខ្លាដូចជាសំបកដូង សំបកកង់រថយន្ត កំប៉ុង ព្រៃនៅជុំវិញផ្ទះជំរះឲ្យស្អាតទាំងនេះហើយនឹងបានរួមចំនែកកាត់បន្ថយជំងឺគ្រុនឈាមបានមួយផ្នែកធំផងដែរ ។
លោកវេជ្ជបណ្ឌិត ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យមានប្រសាសន៏ឲ្យដឹងថា រាល់ថ្ងៃនេះពីមួយថ្ងៃទៅមួយថ្ងៃអ្នកជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសម្រាក់នៅមន្ទីរពេទ្យ មានការកើនឡើងដោយរកគ្រែសម្រាកស្ទើរមិនបាន ហើយក្នុងករណីកូនឫបុត្រធីតារបស់លោកអ្នក សង្ស័យកើតជំងឺគ្រុនឈាមសូមប្រញាប់នាំមកសង្រ្គោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕