ភ្នំពេញ ៖ យុវជន គង់ រ៉ៃយ៉ា នៅថ្ងៃទី១១ ខែកក្កដា នេះ ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ” ។
បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ អ្នកតាមដានរឿងនេះ ថ្លែងថា យុវជនរូបនេះ ទំនងគេចមិនផុតពីការជាប់ពន្ធនាគារដូចលើកមុននោះទេ ។
សូមបញ្ជាក់ថា នេះជាលទីពីរហើយ ដែលកន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល ១ឆ្នាំ៦ខែ ម្តងរួចមកហើយ ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook កាលពី៣ឆ្នាំមុន។
បទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ៕ ( ខាងក្រោម ជារូប គង់ រ៉ៃយ៉ា ដែលត្រូវឃុំខ្លួន កាលពី៣ឆ្នាំមុន)