ស្តាប់​នារី​ខ្មែរ​ម្នាក់​រៀបរាប់​ពី​ជីវិត​ដូច​ទាសករ​ពេល​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2015 ក+ ក-

​ខេត្តកំពត​៖ នាង មឿង សុផាត អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រយឹង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ដែល​បាន​ស្ម័គ្រចិត្ដ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​រៀបរាប់​ពី​ទុក្ខលំបាក​គឺ​រាល់ថ្ងៃ​គេ​កំណត់​អង្ករ​ឲ្យ​កន្លះ​កំប៉ុង​ដាំបបរ​ហូប​សម្រាប់​មួយថ្ងៃ ហើយ​ត្រូវ​ធ្វើការ​ពី​ម៉ោង​៤​ទៀបភ្លឺ​រហូតដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​។​

​នាង មឿង សុផាត បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​ក្រុមហ៊ុន​ប្រមូល​នារី​វ័យក្មេងៗ​មួយ​ដែលមាន​ទីតាំងនៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ក្រោយ​វិលត្រឡប់​ទៅ​ស្រុក​កណើត​វិញ នាង​បាន​និយាយ​រៀបរាប់​ពី ទុក្ខលំបាក ក្នុងពេលដែល​ខ្លួន​ទៅ​បំរើការ​នៅ​នោះ​ស្ទើរ​ស្រក់​ទឹកភ្នែក​។​

​នាង​មឿង សុផាត ​រៀបរាប់ថា នាង​មាន​បងប្អូន​ប្រុស​ស្រី ៧​នាក់ មាន​ម្ដាយ​ឈ្មោះ ណុន ផា អាយុ​៥២​ឆ្នាំ និង​ឪពុក​ឈ្មោះ ឃឹម ដុក អាយុ​៦៥​ឆ្នាំ ហើយ​នាង​ជា​កូន​ទី​៣ ។​​ដោយសារតែ​គ្រួសារ​ជួប​ការលំបាក​ខ្លាំងពេក​នាង​បាន​ស្ម័គ្រចិត្ដ​ទាក់ទង​ទៅ​ក្រុមហ៊ុន​មួយ​ដែលមាន​ទីតាំងនៅ​ទួលគោក ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សង្ឃឹមថានឹង​ទទួលបាន​កំរៃ​ដោះស្រាយ​ជីវភាព​គ្រួសារ ។ មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នាង​ត្រូវ​ក្រុមហ៊ុន​ឱ្យ​រៀន​ភាសា​ខ្លះៗ និង​ពី​របៀប​ធ្វើការ​ផ្សេងៗ​អស់​រយៈពេល​៤​ខែ ។ ពេល​ទៅធ្វើ​ការ​នោះ​ត្រូវ​ក្រុមហ៊ុន​កំណត់​រយៈពេល​២​ឆ្នាំ ដោយ​ក្នុង​មួយខែ​ទទួល​ប្រាក់​ឈ្នួល​១៨០​ដុល្លារ​អាមេរិក ។​

​នាង​មឿង សុផាត បន្ដថា ពេល​រៀន​ចប់ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០០៩ នាង​បាន​ឡើង​យន្ដហោះ​ទៅដល់​ស្រុក​គេ ហើយ​ក្រុមហ៊ុន​បាន​ជូន​នាង​ឱ្យទៅ​បំរើ​នៅក្នុង​គ្រួសារ​មួយ​ដែលមាន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន ឪពុកម្ដាយ និង​កូនប្រុស​វ័យ​ជំទង់​២​នាក់ ។​

​នាង​មឿង សុផាត បាន​ពោល​ឡើង​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា ពេល​ចាប់ផ្ដើម​ធ្វើការ​ដំបូង នាង​ត្រូវ​ស្ដ្រី​ជា​ម្ចាស់ផ្ទះ​បញ្ជា​ឱ្យ​មួយថ្ងៃ​ជូត​ផ្ទះ​២​ជាន់ ឱ្យ​ស្អាត លាង​រថយន្ត​ចំនួន ២​គ្រឿង លាង​បង្គន់​ចំនួន​៦ បោក​ខោអាវ​៣​កា​ធុន បាញ់​ទឹក​កន្លែង ហាត់ប្រាណ និង​អ៊ុតខោអាវ ។ ចំពោះ​ការហូបចុក​វិញ​គេ​ឱ្យ​អង្ករ​កំណត់​កន្លះ​កំប៉ុង​ដាំបបរ​ហូប​ដោយ​ខ្លួនឯង និង​ក្នុង​មួយពេល​មាន ជើងមាន់​២ ចុង​ស្លាបមាន់​២ និង​អំបិល​មួយ​ស្លាបព្រា​។​

​នាង​បន្ត​ទាំង​រលី​រលោង​ទឹកភ្នែក​ថា នាង​ត្រូវគេ​កំណត់ឱ្យ​ក្រោកពីដំណេក​នៅ​ម៉ោង​៤​ទៀបភ្លឺ​ធ្វើការ​រហូតដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ទើប​ចប់​ការងារ ។ នាង​ហូប​មិន​ឆ្អែត​គ្មាន​កម្លាំងកំហែង​ទេ ព្រោះ​ហូប​បបរ​រាល់ថ្ងៃ ។ ដោយសារតែ​ក្រពះ​ឃ្លាន​ពេក​នាង​បាន​ទៅ​លួច​កាកដូង និង​ចំណី​ផ្សេងៗ​ដែល​ម្ចាស់ផ្ទះ​បោះចោល​ទៅក្នុង​ធុងសំរាម​មក​ហូប​បន្ដ ។ ក្រោយមក​ម្ចាស់ផ្ទះ​ដឹងបាន​ចាក់សោ​ធុងសំរាម​ថែមទៀត​។ នាង សុផាត បញ្ជាក់ថា បើ​កិច្ចការ​ណា ដែល​នាង​ធ្វើ​មិនបាន​តាម​ការកំណត់រ​បស់​ម្ចាស់ផ្ទះ​ត្រូវគេ​ទះកំផ្លៀង និង​ចាប់​ក្បាល​អុក​ទៅនឹង​ជញ្ជាំង ។​

​ដោយសារតែ​ការធ្វើ​ទារុណ​កម្មនេះ ធ្វើឱ្យ​នាង​ធ្វើការ​លែងកើត គឺ​ហាក់ដូច​ជាមាន​ជំងឺសរសៃប្រសាទ ហើយ​ត្រូវ​ក្រុមហ៊ុន​ឱ្យ​ត្រឡប់មក​ស្រុក​វិញ​តាម​ជើងយន្ដហោះ​មួយ​តាំងពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០១១ មកម្ល៉េះ​។

​ស្ដ្រី​ជា​ម្ដាយ​និយាយថា ពេល​ទៅ​ទទួល កូន​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ក្នុងនាម​ជា​ម្ដាយ​គាត់​មានការ​រន្ធត់​ចិ​ត្ដ​ដោយ សារ​ឃើញ​កូន​ស្គមកំព្រឹង​ហាក់ដូចជា​មនុស្ស​កើតរោគ ។ កូនស្រី​គាត់​មុន​ឡើង​យន្ដហោះ​ថ្លឹង​មើល​មាន​ទំងន់​៦០​គីឡូក្រាម លុះ​ពេល​ត្រឡប់មកវិញ​នៅសល់តែ​៤០​គីឡូក្រាម​ប៉ុណ្ណោះ ព្រោះតែ​ធ្វើការ​ធ្ងន់ និង​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់​។ គាត់​និយាយថា គេ​បាន​បើកប្រាក់​ខែ​ឱ្យ​កូនស្រី​របស់គាត់​តែ​៧០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង រយៈពេល​១១​ខែ​។ អ្នកភូមិ​មាន​ក្ដី​អាណិតអាសូរ​នាង​មឿង សុផាត ជាខ្លាំង​ដោយ​ម្នាក់ៗ​សុទ្ធតែ​អួលដើមក ពេល​ស្ដាប់​នាង​និយាយ​រៀបរាប់​ពី​ទុក្ខលំបាក ពេលដែល​ខ្លួន​ទៅ​បំរើការ​តាម​ផ្ទះ​នៅ​ស្រុក​គេ ។​

​ស្ដ្រី​ជា​ម្ដាយ​និយាយថា គាត់​បាន​ទៅធ្វើ​ការតវ៉ា​នៅ​ក្រុមហ៊ុន​ពី​រឿង​កូនស្រី​គាត់​ត្រូវគេ​វាយ ធ្វើបាប និង​បង្អត់អាហារ តែ​ត្រូវ​មេខ្យល់​ឈ្មោះ​សុភ​ក្ដិ​ហៅ​គាត់​ចូលទៅក្នុង​បន្ទប់​ស្ងាត់​មួយ ហើយ​និយាយថា “​ស្គម​អី​ប៉ុណ្ណឹង មកពី​យើង​គ្មាន​ការ​លត់​ដំ និង​គ្មាន​ពិបាក​អ្វី​ទេ​” ។ ឈ្មោះ​សុភ​ក្ដិ​និយាយថា “​បើ​ចង់ទៅ​ប្ដឹង​សូម​មីង​ធ្វើ​ប៉ាស្ព័រ​ជិះ​យន្ដហោះ​ទៅ​ម៉ាឡេស៊ី​ទៅ​” ។

​កន្លងមក មាន​សេចក្តីរាយការណ៍​ជាច្រើន​បង្ហាញថា អ្នក​ដែល​ធ្លាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និយាយថា ពិតជា​ត្រូវគេ​ធ្វើបាប​មែន ។​

ព័ត៌មាន​ស្តីពី​ទុក្ខលំបាក​របស់​នាង មឿង សុផាត ជា​នារី​ខ្មែរ​មួយរូប​ក្នុងចំណោម​ពល​ការិនី​ជាច្រើន​នាក់​ដែល​ទៅ​បំរើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នាពេលនេះ មិនមែនជា​ករណី​ទីមួយ​នោះទេ​។​ករណីខ្លះ​ត្រូវបាន​មេខ្យល់ ឬ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​បោកប្រាស់ ធ្វើ​យ៉ាណា​ឲ្យ​ពួកគេ​យល់ព្រម​ចេញទៅ​ធ្វើការ លុះ​មាន​បញ្ហា​អាក្រក់​កើតឡើង​ពួកគេ​ធ្វើ​មិនដឹងមិនឮ បើទោះបី​ជាមាន​ការតវ៉ា​ពី​ក្រុមគ្រួសារ​ពល​ការិនី​រង​គ្រោះ​បែបណា​ក្តី ក៏​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ឡើយ ដូចជា​ក្រុមហ៊ុន​ដែល​នាំ​នាង មឿង សុផាត ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ​ជាដើម​។

មជ្ឈដ្ឋាន​ជាច្រើន​បស​សំណូមពរ​ដល់​ក្រសួងមហាផ្ទៃ ក្រសួង​ការងារ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​គួរ​ពិនិត្យ​សើរើ​ករណី​ដូច​ខាងលើនេះ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ផង បើ​មិន​ដូច្នោះ​ទេ​ពួក​មេខ្យល់ ក៏ដូចជា​ក្រុមហ៊ុន​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស​ខ្លះ​នឹង​បន្ត​ឆ្លៀត​ឧកាស​កេងប្រវ័ញ្ច​បោកប្រាស់​នាំ​នារី​វ័យក្មេងៗ​កម្ពុជា​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ពោរពេញ​ដោយ​ទុក្ខលំបាក​ដូច​ទាសករ​ឥតឈប់ឈរ​៕​(ប្រភពfbm ដោយ​៖ខេមរា​)

mnkju

​​នាង​មឿង សុផាត ថតនៅក្រោមផ្ទះរបស់នាង