ខេត្តកណ្តាល ៖
សកម្មភាពដ៏គគ្រឹកគគ្រេងដែលគេសង្ស័យថា ជាករណីរំលោភដីបឹងរាប់រយហិកតា នៅក្នុងភូមិកំពង់ពោធិត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមនុស្សមួយក្រុមបានដាក់គ្រឿងចក្រជាច្រើនគ្រឿងជីកទំនប់ហ៊ុព័ទ្ធ ដោយកម្លាំងកម្មករបើកគ្រឿងចក្រធ្វើជីកទន្ទ្រានព្រៃធ្វើជាទំនប់ទាំងយប់ទាំងថ្ងៃ ។ សកម្មភាពនេះបានធ្វើជាច្រើនថ្ងៃមកហើយ ប៉ុន្តែលោកមេឃុំបដិសេធថា មិនបានដឹងរឿងនេះទេ។
លោក លន់ លាង មេឃុំក្រាំងយ៉ូវ បានប្រាប់កាលពីថ្ងៃទី១៤ ខែកក្កដា នេះថា លោកមិនបានដឹងរឿងនេះទេ លោកគ្រាន់តែបានដឹងមានករណីគ្រឿងចក្រធ្វើផ្លូវបានជីកចូលដីប្រជាពលរដ្ឋផ្សេងទៀត ហើយបានចាត់ឲ្យជំទប់ទី១ និងទី២ ចុះទៅឃាត់ហើយ និងបង្គាប់ឲ្យចាក់ដីលុបឲ្យប្រជាពលរដ្ឋវិញ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី១៥ ខែកក្កដា នេះ គ្រឿងចក្រនៅតែបន្តធ្វើសកម្មភាពដូចសេចក្តីរាយការណ៍ដដែល។
ចំណែកលោក មត់ មាន ជំទី២ ឃុំក្រាំងយ៉ូវ បានបញ្ជាក់ពាក់ព័ន្ធនឹងករណីនេះ ថា លោកមិនបានទៅដល់ចំណុចគោលដៅនោះទេ លោកទៅមើលត្រឹមគ្រឿងចក្រកំពុងធ្វើផ្លូវ ។ លោកថា លោកជាប់រវល់ដើរស្រង់ស្ថិតិចំនួនសត្វជ្រូកកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតាមភូមិ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីក្រុមឈ្មួញដាក់គ្រឿងចក្រជីកទំនប់ហ៊ុព័ទ្ធ ឈូសឆាយ កិនកម្ទេចព្រៃ ឬជីកយកអាចម៌ដីលក់ជាដើមនោះ អាជ្ញាធរខេត្តបានហាមដាច់ខាតមិនឲ្យធ្វើសកម្មភាពឡើយ ។ ប៉ុន្តែផ្ទុយទៅវិញ រយៈពេលក្នុងអំឡុងខែកក្កដា នេះ គេបានឃើញមានគ្រឿងចក្រ នៅតែបន្តធ្វើសកម្មភាពឈូសឆាយ កិនកម្ទេចព្រៃ ជីកទំនប់ហ៊ុព័ទ្ធរំលោភយកដីបឹង និង ជីកយកអាចម៌ដីបឹង ក្រោមលេសស្តារ និងបកដីបឹង លក់យ៉ាងអនាធិបតេយ្យ។ ជាក់ស្តែង ករណីស្រដៀងគ្នានេះ បានកើតមានជាច្រើនកន្លែង ដូចនៅចំណុចដីបឹងទួលព្រះហឹង ស្ថិតក្នុងឃុំពោធិបាន ស្រុកកោះធំ ចំណុចបឹងអន្លុងកុល ឬបឹងត្រពាំងឈូក ( តាមប្រជាពលរដ្ឋបានហៅ ) ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ចំណុចបឹងព្រា ស្ថិតក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាលជាដើម ។ ចំណែកអាជ្ញាធរថ្នាក់ក្រោម បានត្រឹមតែប្រាប់ថា ចាំឲ្យគេចុះទៅមើល និងមានចំណាត់ការ ប៉ុន្តែផ្ទុយទៅវិញ គ្រឿងចក្រនៅតែបន្តធ្វើសកម្មភាពរុករានទន្ទ្រានរំលោភដីបឹង ព្រៃលោចទឹក ជារបស់ រដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទាំងស្រុងលើអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ៕