ខេត្តរតនគិរីៈ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធម្មក្នុងថ្លុកឈាមដោយ សារប្តីចិត្តតិរិច្ឆានសម្លាប់យ៉ាងព្រៃផ្សៃដោយយកកាំបិតផ្គាក់កាប់ដាច់ដៃទាំងសងខាង និងកាប់ដាច់ចង្កាថែមទៀត រួចរត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់ទុកសាកសពដេកក្នុងថ្លុកឈាមលើផ្ទះ។
ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ក្នុងផ្ទះចំការរបស់ខ្លួនឯងនៅត្រង់ចំណុចអូរខ្វេះ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
បើតាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះសុខ សុគន្ធា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានស្រុកកំណើតនៅភូមិកំពង់ទឹក ឃុំរកា៥ ក្រុងសួង ខេត្តត្បូងឃ្មុំ។ ស្ត្រីរងគ្រោះនោះមានកូនបង្កើតប្តីមុននៅភ្នំពេញចំនួន៣នាក់ ស្រី២នាក់។ ប្តីក្រោយជាជនដៃដល់មានឈ្មោះ ដួង ផល អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ និងមានស្រុកកំណើតនៅភូមិរលាស់ សង្កាត់ជើងឯក ខណ្ឌដង្គោ រាជធានីភ្នំពេញ។ អ្នកទាំង២មករស់នៅភូមិកើតហេតុខាងលើអស់រយៈពេល១០ឆ្នាំដោយគ្មានរៀបអាពិពាហ៌(សែន) ហើយបង្កបង្កើនផលដាំដំណាំសណ្តែកសៀង ពោត មិនដែលមានបញ្ហានឹងគ្នាឡើយ។
លុះដល់ប៉ុន្មានខែចុងក្រោយមកប្តីប្រពន្ធមួយគូរនេះ គេឃើញបានបបួលគ្នាទៅភ្នំពេញ ដើម្បីទៅលេងកូនបង្កើត(ប្តីដើម)របស់ប្រពន្ធ រហូតដល់ពេលត្រឡប់មកផ្ទះចំការវិញ ប្តីក៏ចេះតែដើរនិយាយថាប្រពន្ធរបស់ខ្លួនបានផិតក្បត់ខ្លួន ហើយក៏ចេះដើរផឹកស្រាជាមួយមិត្តភក្តិនៅក្បែរផ្ទះ លុះដល់យប់កើតហេតុប្តីរបស់ខ្លួនក៏បានបបួសក្មួយប្រុសម្នាក់នៅក្បែរមកផឹកជាមួយរូបគាត់និងប្រពន្ធនៅក្នុងផ្ទះ ផឹកបានបន្តិចក្មួយប្រុសនោះក៏បានលាទៅដេកបាត់ទៅសល់តែពីរនាក់ប្តីប្រពន្ធផឹកបន្តរហូតដល់យប់ជ្រៅទើបមានករណីឃាតកម្មកើតឡើងតែម្តង។
បើតាមការបញ្ជាក់ពីលោក កុល មន្នីស័ក្តិ នាយប៉ុស្តិ៍ឃុំតឺន បានអោយដឹងថា ការកើតនូវអំពើឃាតកម្មនេះ ដោយសារប្តីប្រច័ណ្ឌប្រពន្ធពេកទើបឈានដល់ការសម្លាប់ទាំងកំរោលយ៉ាងនេះ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចំរុះស្រុក-ខេត្ត ដឹកនាំដោយលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងចុះទៅដល់កន្លែងកើតហេតុ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ធ្វើកោសល្យវិច្ច័យដោយសន្និដ្ឋានថា ពិតជាករណីឃាតកម្មប្រាកដមែន។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកប្តីជាជនដៃដល់ដែលរត់គេចខ្លួនបាត់នោះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាក់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន៕
ដោយ៖ឡុង សារ៉េត
ស្ត្រីរងគ្រោះ សុខ សុគន្ធា កាលនៅរស់
ប្តីក្រោយជាជនដៃដល់ឈ្មោះ ដួង ផល