ខេត្តព្រៃវែង ៖ នៅល្ងាចថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមហូបសាច់ជ្រូកខ្វៃ និងនំបាញ់ហយ បន្លែស្រស់ៗគ្រប់មុខ ពីសំណាក់ ឯកឧត្តម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ទីរនានា ជុំវិញខេត្ត។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានមានប្រសាសន៍ថា មូលហេតុប្រារព្វពិធីនេះឡើង ដោយសារតែជ្រូកកសិករចិញ្ចឹមតាមទ្រុង នៅទូទាំងខេត្តជិត៦ម៉ឺនក្បាល លក់មិនចេញ តាមផ្សារនីមួយៗ លក់សាច់ជ្រូកលែងដាច់ ។ បន្ទាប់ពី លេចឮពាក្យចចាមអារាមថា ហូបសាច់ជ្រូកប៉ះពាល់សុខភាព ជ្រូកមានជម្ងឺ ប៉េស្តជ្រូកអាហ្វ្រិច។
លោកបន្តថា តាមពិតទូទាំតខេត្តព្រៃវែង ជ្រូកទាំងអស់ គ្មានជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនោះទេ ជ្រូកមានសុខភាពល្អ ពេល បង ប្អូន ទទួលទានសាច់ជ្រូក ធ្វើឲ្យសុខភាពយើងល្អមិនប៉ះពាល់នូវការឆ្លងឫកើតជម្ងឺដង្កាត់ផ្សេងៗអ្វីឡើយ។ដូចនេះ សូម បង ប្អូននាំគ្នា ហូប សាច់ជ្រូកឡើងវិញ ដើម្បី ជាការលើកទឹកចិត្ត ដល់កសិករចិញ្ចឹមជ្រូកតាមផ្ទះទៀត។
លោកបន្តថា សព្វថ្ងៃនេះ អ្នកកាប់ជ្រូក យកសាច់ លក់លើទីផ្សារមិនហ៊ានទិញជ្រូករស់ មកកាប់លក់ទេ ដោយសារតែលក់មិនដាច់ មនុស្សភាគច្រើន បង្វែរពីការធ្លាប់ហូបសាច់ជ្រូក ទៅហូប មាន់ ទា គោ ក្របី ត្រី ជាដើមវិញ ម្លោះហើយ បញ្ហានេះ ប៉ះពាល់ធ្ងន់ធរណាស់ ដល់កសិករចិញ្ចឹមជ្រូក ដែលជាជ្រូកសុខភាពល្អ គ្មានជម្ងឺទាល់តែសោះ ព្រោះថា ក្នុងខេត្តព្រៃវែង ជ្រូកមិនកើតជម្ងឺប៉េស្តជ្រូកអាហ្វរិចនោះទេ ។
លោក សុខ ជា តំណាងលក់ចែកចាយជ្រូករស់ របស់ក្រុមហ៊ុន ស៊ីភី ប្រចាំខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង បានបន្ថែមថា មិនត្រឹមតែកសិករចិញ្ចឹមជ្រូកទេ លក់ជ្រូកមិនដាច់ សូម្បីតែក្រុមហ៊ុនស៊ីភី ក៍លក់មិនដាច់ដែរ មួយថ្ងៃៗ ខេត្តមួយៗ លក់ដាច់ត្រឹមតែពីរក្បាលប៉ុណ្ណោះ ខណៈពីមុនពេលផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិច មួយថ្ងៃៗលក់ដាច់ដល់ទៅរាប់ពាន់ក្បាលឯណោះ។
ជាមួយបញ្ហាខាងលើ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋមិនហ៊ានហូបសាច់ជ្រូក ឲ្យហូប សាច់ជ្រូកឡើងវិញ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ហូប សាច់ជ្រូកបណ្តើរ រៀបរាប់ថា ខ្ញុំហូបសាច់ជ្រូក ធម្មតារាល់ថ្ងៃ មិនបោះបង់វាទេ មិនដែលមានជម្ងឺយាយីរាងកាយខ្ញុំឡើយ ដូចនេះ តាមរយៈពិធីជួបជុំហូប សាច់ជ្រូកនេះដែរ សូម បង ប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាទទួលទានសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករយើងខំចិញ្ចឹមជ្រូក បន្តចិញ្ចឹមជ្រូកបទៀត៕