ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន នឹងអញ្ជើញទៅពិនិត្យការសាងសង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃចន្ទ ទី២៩ កក្កដា នេះ ខណៈដែលពិធីផ្គុំកៅអី និងផ្គុំអគារទាំងមូលក្នុងបរិវេណ ត្រូវបានសម្រេចរួចរាល់តាមផែនការដំណាក់កាលទី ២។
ព្រឹកថ្ងៃចន្ទ ទី២៩ កក្កដា នេះ សម្តេចតេជោ អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនី។ នៅក្នុងឱកាសនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍ឲ្យសហព័ន្ធកីឡាកម្ពុជា ខិតខំរៀបចំឲ្យបានល្អបំផុត សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
នៅព្រឹកនេះដែរ សម្តេចតេជោ និងអគ្គរដ្ឋទូតចិន ក៏បានអញ្ជើញ ក្នុងការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាសំណង់កីឡាទំនើបមួយទទួលបានជំនួយឥតសំណងពីប្រទេសចិនក្នុងគម្រោងទឹកប្រាក់ជិត ១៦០ លានដុល្លារ ហើយត្រូវបានសាងសង់ និងប្រើប្រាស់ជាបណ្តើរៗហើយក្នុងនោះការសាងសង់ត្រូវបានបែងចែកជា ៣ ដំណាក់កាល និងត្រូវបានអនុម័តឲ្យសាងសង់តាំងពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ហើយគិតត្រឹមពេលនេះសាងសង់បាន ៦០ ភាគរយ និងបានបញ្ចប់ដំណាក់កាលទី ២ ហើយគឺនឹងគ្រោងបន្តសាងសង់ដំណាក់កាលទី ៣ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។
គិតមកដល់ពេលនេះ ការសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ» លំដាប់អន្តរជាតិ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន សម្រេចបានលើស៥០ភាគរយហើយ ដែលនឹងបំរើការធ្វើការជាម្ចាស់កីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ខាងមុខ ។ ការសាងសង់ដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២០។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium៕