ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នៅថ្ងៃទី៣០ ខែកក្កដា នេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់លោក ដូន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីការបរទេសថៃ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៧ កក្កដា បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេស អាស៊ានដទៃទៀត នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។
ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងផ្តោតជាសំខាន់ទៅលើ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញបន្ថែមទៀតនូវដំណើរការ កសាងសហគមន៍អាស៊ាន និងការពង្រឹងនិម្មាបនកម្មតំបន់ ដែលផ្តោតទៅលើមជ្ឈភាពអាស៊ាន ក៏ដូចជាការពង្រីកភាពជា ដៃគូជាមួយដៃគូសន្ទនាអាស៊ាន និងភាគីខាងក្រៅ ។
លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំ ដូចខាងក្រោម៖ជំនួបរវាង រដ្ឋមន្រ្តី ការបរទេសអាស៊ាន ជាមួយគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានស្តីពីសិទ្ធិមនុស្ស
-កិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥២
-សន្និសីទក្រោយ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានបូកបីលើកទី២០
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៩ និង
-វេទិកាតំបន់អាស៊ានលើកទី២៦ ។
ក្នុងនាមជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-នូវែលហ្សេឡង់ (២០១៨-២០២១) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយលោក វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ ក្នុងកិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយនិងនូវែលហ្សេឡង់» ។
ស្របពេលជាមួយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសាធារណរដ្ឋប៉េរូ និងសាធារណរដ្ឋអាហ្រ្វិកខាងត្បូង។ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការកម្មវិធី អាហារូបករណ៍សម្រាប់ថ្នាក់ដឹកនាំ វ័យក្មេងអាស៊ាន-ចិន និង គំនិតផ្តួចផ្តើមអាស៊ាន-អូស្រ្តាលី ប្រយុទ្ធប្រឆាំងនឹងការជួញដូរ។
ក្រៅពីការអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចខាងក្រោម៖
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស គំនិតផ្តួចផ្តើមមេគង្គក្រោម លើកទី១២
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១០
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ និង
-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២។
ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងបាងកកឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយ ឯកឧត្តម វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នូវែលហ្សេឡង់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី អ៊ីណេ ម៉ារី អេរិកសិន រដ្ឋមន្រ្តីការបរទេសន័រវែស ព្រមទាំងប្រមុខនៃគណៈប្រតិភូ នៃប្រទេសមួយចំនួនទៀតផងដែរ ៕