ខេត្តរតនគិរីៈផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ៨x៩ម៉ែត្រ សាងសង់ឡើងអំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ជញ្ជាំងក្តារត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យម្ចាស់ផ្ទះ១នាក់រងរបួសធ្ងន់ រលាត់ដៃរលាត់ជើង រីឯទ្រព្យសម្បត្តិត្រូវបាត់បង់ទាំងស្រុង។
ហេតុការណ៍ធ្វើអោយភ្នាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅត្រង់ចំណុចក្បែរបន្ទាយទាហានដំរីលើកជើង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវអគ្គីភ័យឆាបឆេះ ហើយម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះខាំ មុត ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធ) មានមុខរបរលកសំឡចាណាងនិងមានប្តីឈ្មោះ ថន ធន់ អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(ជាមន្ត្រីយោធា) ហើយមានកូនក្នុងបន្ទុកចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។
បើតាមការរៀបរាប់ពីលោកស្រីម្ចាស់ផ្ទះទាំងហូរទឹកភ្នែកអោយដឹងថា កាលពីវេលាម៉ោងខាងលើ រូបគាត់ព្រមទាំងកូនប្រុស ស្រី ខណៈកំពុងលក់សំឡចាណាងនៅខាងក្រោមផ្ទះ ចំណែកប្តីគាត់ដេកនៅលើផ្ទះ ស្រាប់តែមានហុយផ្សែងផុសចេញពីបន្ទប់ខាងលើខាងមុខជាន់ទី២នោះ ក៏មានការភ្ញាក់ផ្អើលឡើងមិនមែនបន្ទប់ប្តីរបស់គាត់ដេកនោះទេ។ លោកស្រីបន្តទៀតថា ប្តីគាត់ឃើញភ្លើងឆេះសន្ធោសន្ធៅក៏ស្រវ៉ាទាញយកសម្ភារមួយចំនួននៅលើផ្ទះក៏ត្រូវអណ្តាភ្លើងឆេះរលាត់ដៃ រលាត់ជើង រងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
លោកស្រីបន្ថែមទៀតថា អគ្គីភ័យដ៏សាហាវនេះគឺផ្តើមចេញពីការទុសេខ្សែភ្លើង។ ក្រោយពេលកើតហេតុត្រូវបានរថយន្តអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តទៅពន្លត់អស់ចំនួន៤គ្រឿង ទើបស្ថានភាពស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់ត្រូវក្លាយជាចំណីភ្លើងទាំងស្រុង៕
ដោយ៖ឡុង សារ៉េត