ដោយ ៖ ខេមរិន្ទ
ភ្នំពេញ ៖ រដ្ឋបាលសាលា រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា នេះ បានបដិសេធការស្នើសុំការប្រមូលផ្តុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងការទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដោយអះអាងថា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានចាត់ទុកគម្រោងចង់ប្រមូលផ្តុំរបស់សមាគមគ្រូបង្រៀនក្នុងពេលនេះថា ធ្វើឡើងក្នុងចេតនាអាក្រក់។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា តំណាង៣រូបរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានកាន់លិខិតមួយច្បាប់ទៅដាក់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការប្រមូលផ្ដុំមនុស្សយ៉ាងតិចជាង៧០នាក់ នៅមុខសាលាដំបូងរាជធានីដើម្បីសម្ដែងមតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែ សីហា ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ការប្រមូលផ្តុំនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងលើកលែងទោសឲ្យលោក សម រង្ស៊ី។ លោកស្រី បានថ្លែងដោយផ្សារភ្ជាប់ការដោះលែងអតីតមន្ត្រីថ្នាក់ដឹកនាំ CNRP ទៅក្តីបារម្ភពីការបាត់បង់ EBA ក្នុងពេលខាងមុខ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានចាត់ទុកគម្រោងចង់ប្រមូលផ្តុំរបស់សមា គមគ្រូបង្រៀនក្នុងពេលនេះថា ធ្វើឡើងក្នុងចេតនាអាក្រក់ដែលនៅឈរពីក្រោយសកម្មភាពរបស់អតីតគណបក្សសង្គ្រោះជាតិ។
លោកថា «ការជួបប្រជុំគ្នាគឺគ្រាន់តែជាឧបករណ៍បំពងសំឡេងបន្តរបស់ក្រុម បរទេសតែប៉ុណ្ណោះ។ ពីព្រោះក្រុមគាត់ហ្នឹង ដែលធ្វើយុទ្ធនាការមិនឲ្យគេទិញរបស់របររបស់កម្ពុជា ហើយគាត់ហ្នឹងហើយដែលរៀបចំឲ្យមានស្ថានភាពរបៀបហ្នឹង។ ហេតុដូច្នេះហើយមិនបាច់ភូតភរប្រជាពលរដ្ឋថា គាត់យកចិត្តទុកដាក់កម្មករនោះទេ ដែលជារឿងប្រឌិតមួយអាក្រក់»៕