នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ ដោយបានកាត់បន្ថយថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំ២០២០ មកនៅត្រឹម ២២ថ្ងៃ ពោលកាត់បន្ថយអស់ចំនួន ៦ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ២០១៩។
នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី មកនៅត្រឹមចំនួន១ថ្ងៃ និងបាន ប្រកាសលែងឱ្យឈប់សម្រាកក្នុងពិធីបុណ្យនិងទិវាចំនួន ៥ គឺ៖
១. ពិធីបុណ្យមាឃបូជា ដែលតែងតែប្រារព្ធឡើងនៅថ្ងៃ១៥ កើត ខែមាឃ ជារៀងរាល់ឆ្នាំ
២. ទិវាជាតិនៃការចងចាំ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ
៣. ទិវាកុមារអន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ
៤. ទិវារំឭកខួប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
៥. ទិវាសិទ្ធិមនុស្ស១០ ធ្នូ
ចំណែកឯថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ នៅឆ្នាំ២០២០ ខាងមុខ ប្រជាពលរដ្ឋខ្មែរ មិនថាមន្ត្រីរាជការ និយោជិត ឬកម្មករនោះទេ នឹងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ថែមមុនពិធីបុណ្យនេះមួយថ្ងៃ គឺនៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញនូវកំណើននៃការវិនិយោគ និងធានាឱ្យបាននូវលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ក្រៅតែពីការកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈ រាជរដ្ឋាភិបាលបានសម្រេចចាត់វិធានការជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពចំនួន៥ រួចមកហើយគឺ ១. ការលុបបំបាត់ចោលនូវស្ថាប័នដែលមានតួនាទីសាំញ៉ាំច្រើនលើករណីតែមួយនៅតាមព្រំដែន, ២. ការលុបបំបាត់ស្ថាប័នដែលលែងដើរតួនាទីសំខាន់ក្នុងបរិបទសង្គមបច្ចុប្បន្ន «កាំងសាប», ៣. ការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស ៤. ការផ្ដល់ឱកាសឱ្យកម្មករទាំងប្រាក់បៀវត្សរ៍ ការថែទាំសុខភាពពិសេសស្ត្រីមានផ្ទៃពោះ និង ៥. ការពង្រឹងលើវិស័យអប់រំនិងបណ្ដុះបណ្ដាល។ ហើយចុងក្រោយនេះ ការកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈ នឹងក្លាយទៅជាយុទ្ធសាស្ត្រសំខាន់មួយ ក្នុងចំណោមយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដទៃផ្សេងទៀត សម្រាប់ជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិ ក៏ដូចជាសហគ្រិនក្នុងស្រុកទាំងឡាយ ឱ្យមានទស្សនទានប្រកបដោយភាពវិជ្ជមានសម្រាប់ការរីកចម្រើន និរន្តរភាពនៃដំណើរការអាជីវកម្ម ក៏ដូចជាលទ្ធភាពបង្កើនប្រាក់ចំណេញរបស់ខ្លួននៅកម្ពុជា៕
RAC Media