ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃនេះថា មិនមានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅលើកុមារនោះទេ។ ការលើកឡើងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកគ្រាន់តែជាការភាន់ច្រឡំប៉ុណ្ណោះ ត្បិតជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សឡើយ។
នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៣ សីហា នៅមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានច្រានចោលព័ត៌ មានតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបានផ្សព្វផ្សាយថា មានកុមារម្នាក់បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រហូតមកដល់ពេលនេះគឺគ្មាន ឡើយកុមារដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសារតែការបរិភោគសាច់ជ្រូក។
បើតាមលោកវេជ្ជបណ្ឌិត រស់ សុវណ្ណរិន្ទ វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកជំងឺឆ្លង បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ មានកុមារម្នាក់បានមកសម្រាកនៅមន្ទីរពេទ្យកុមារជាតិ ដែលមានអាការជំងឺសើស្បែក មានកន្ទួលរមាស់ និងពងបែកលើជើង។ ឪពុកម្ដាយសង្ស័យថាកើតជំងឺឆ្លងសត្វជ្រូកអាហ្វ្រិក ដោយសារតែគាត់និងកូនទើបតែបរិភោគសាច់ជ្រូក មុននឹងមានជំងឺនេះ។ ដូច្នេះហើយទើបគាត់បានបង្ហោះនៅលើបណ្ដាញសង្គម ថាកូនរបស់គាត់ឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក។
លោកបណ្ឌិត នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះមិនឆ្លងមកមនុស្សនោះទេ សូមឱ្យបងប្អូនមានការព្រួយបារម្ភ។ លោកថា លោកបានពន្យល់ទៅដល់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសាររួចមកហើយ តែប្រជាពលរដ្ឋនៅតែមានការបារម្ភ។
គូរបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះឡើងនៅខេត្តចំនួន៥ នៅទូទាំងព្រះរា ជាណាចក្រកម្ពុជា គ្រាដែលសត្វជ្រូករាប់ពាន់ក្បាលត្រូវបានឈឺ និងងាប់ និងយកសម្លាប់ចោលនៅ នឹងកន្លែងដើម្បី កុំឲ្យឆ្លងរីករាលដាលទៅកាន់ជ្រូកដទៃផ្សេងទៀត៕