ខេត្តព្ឬះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសពីការរៀបចំកន្លែងស្នាក់នៅ និង ផ្ដល់អាហារបីពេលក្នុងមួយថ្ងៃសម្រាប់បេក្ខជនដែលត្រូវប្រឡងបាក់ឌុប ដែលមកពីវិទ្យាល័យនានាឆ្ងាយៗ។
ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា បេក្ខជនមកពីស្រុកព្រៃនប់ ស្រុកកំពង់សីលា និង ស្រុកស្ទឹងហាវ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សីលា និង វិទ្យាល័យ ហ៊ុន សែន កែវផុស ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅផ្ទះសំណាក់ ឡេងទ្រី ស្ថិតនៅស្រុកព្រៃនប់។ ចំពោះបេក្ខជនមកពីវិទ្យាល័យស្ទឹងហាវ និង វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ត្រូវស្នាក់នៅផ្ទះសំណាក់គ្រូបង្រៀន និង ផ្ទះសំណាក់កាកបាទក្រហមនៅក្រុងព្រះសីហនុ។ ដោយឡែកចំពោះការផ្ញើយានជំនិះរបស់បេក្ខជនទាំងអស់នៅគ្រប់មណ្ឌលប្រឡងរដ្ឋបាលខេត្តធានារ៉ាប់រងការចំណាយទាំងស្រុង។
សូមបញ្ជាក់ថា សម័យប្រលងបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ សីហា ខាងមុខ ហើយការរៀបចំរបស់រដ្ឋបាលខេត្តព្រះសីហនុនេះ ក្នុងគោលបំណងជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមរបស់សិស្ស ក៏ដូចជាមាតាបិតាសិស្សផងដែរ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ និងកុំឲ្យបារម្ភសុវត្ថិភាព សុខភាពរបស់កុលបុត្រ កុលធីតារបស់ខ្លួន៕