ភ្លើង​ឆេះ​ផ្ទះ និង​ជា​កន្លែង​ស្តុក​ឈើ​ប្រណីត​របស់​មន្ត្រី​ប៉េអឹម​នៅ​ជិត​ផ្សារ​បាន​លុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2015 ក+ ក-

​ខេត្តរតនគិរីៈ អគ្គីភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បំផ្លាញ​លំនៅឋាន​មួយ​ខ្នង​របស់​មន្ត្រី​ប៉េអឹម​ខេត្តរតនគិរី និង​ជា​អ្នករកស៊ី​ឈើ​ល្មើសច្បាប់​ដ៏​ធំ​មួយកន្លែង​មាន​ទីតាំង​ខាងក្រោយ​ផ្សារ​បាន​លុង ស្ថិតក្នុង​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ ផ្តើម​ចេញពីផ្ទះ​មន្ត្រី​ប៉េអឹម​ឈ្មោះ​ទុយ គឹមហួន ដែល​ផ្ទះ​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ស័ង្កសី ទំហំ​ទទឹង​៨​ម៉ែត្រ បណ្តោយ​១៣​ម៉ែត្រ បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​។
​ ​
​អាជីវករ នៅ​ផ្សារ​បាន​លុង​បាន​ឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ​ប្រហែលជា​២០​នាទី​ទើប​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយគ្រឿង​បានមក​ដល់ ប៉ុន្តែ​ប្រើការ​មិនកើត លុះ​ប្រហែលជា​២០​នាទី​ក្រោយមកទៀត ទើប​មាន​រថយន្ត​មួយគ្រឿង​ទៀត​មកដល់​។​ប្រភព​បន្តថា ការយឺតយ៉ាវ​នេះ​ដោយសារ​កកស្ទះ​ចរាចរណ៍​មនុស្សម្នា​ណែន​តាន់តាប់​មក​ចោមរោម​ហេតុការណ៍​នោះ​។ ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​នោះបាន​ចូល​ទៅដល់​កន្លែងកើតហេតុ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា និង​ទប់ស្កាត់​ឲ្យ​ផ្ទះ​ពីរ​ល្វែង​ជាប់​សងខាង​ទទួលរង​នូវ​ការឆាប់ឆេះ​រោល​ផ្សែង​ប៉ុណ្ណោះ មិន​បណ្តាល​ឲ្យ​ឆាប់ឆេះ​ធ្ងន់ធ្ងរ​នោះទេ​។

​ប្រភពពី​កន្លែងកើតហេតុ​ពេល​ភ្លើង​កំពុង​ឆាប់ឆេះ​ដំបូង​មាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ឈ្មោះ​ទុយ គឹមហួន ភេទ​ប្រុស ជា​មន្ត្រី​ប៉េអឹម និង​ជា​អ្នករកស៊ី​ឈើ​ល្មើសច្បាប់​ដ៏​ធំ​ម្នាក់​នៅក្នុង​ខេត្ត មានការ​តក់ស្លុត​រហូត​សន្លប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ទើប​អ្នកជិតខាង​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​ភ្លើង​កំពុង​ឆេះ​គេ​សង្កេតឃើញ​មានការ​ជញ្ជូន​ចេញ​ជំលៀស​សុទ្ធសឹងតែ​ជា​គ្រឿង​សង្ហា​រឹម​ខ្នាត​យក្ខ​ប្រភេទ​ឈើ​ប្រណីត និង​មិនទាន់​កែច្នៃ​មួយចំនួន​ដឹក​តាម​រថយន្ត​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះល្វែង​ជាប់ៗ​គ្នា​នៅ​កន្លែង​ដែល​កំពុង​ឆេះ​ក៏​ក៏​ប្រញាប់ប្រញាល់​ជញ្ជូន​សម្ភារៈ​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន​ចេញពី​ក្នុងផ្ទះ​ដាក់​តាម​ដងផ្លូវ​។ យ៉ាងណាក៏ដោយ​ក្នុង​ហេតុ​ការ​អគ្គីភ័យ​ឆាប់ឆេះ​លំនៅឋាន​មួយ​នេះ​ពុំទាន់​បានដឹង​ចំនួន​ខូចខាត​សម្ភារៈ ទ្រព្យសម្បត្តិ​ពិតប្រាកដ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា​ទីតាំង​ដែល​អគ្គីភ័យ​កំពុង​ឆាប់ឆេះ​នេះ គឺជា​កន្លែង​ស្តុក​ឈើ​ល្មើសច្បាប់​ជា​យូរ​មកហើយ ៗ​ធ្លាប់​ទទួលរង​ការឆាប់ឆេះ​ក្បែរ​បរិវេណ​ផ្ទះ​ជាប់ៗ​គ្នា​នេះ​ចំនួន​៣​លើក​រួចមកហើយ និង​បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​ភ្លើង​ឆេះ​នោះ​ទៀតផង កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ។

​គួររំលឹកថា ក្នុង​ខែមិថុនា​នេះ​ក៏មាន​អគ្គីភ័យ​លេប​ត្របាក់​លំនៅឋាន​ចំនួន​២​លើក​មក​ដែរ លើកទីមួយ​កើតឡើង​នៅផ្ទះ​លក់​សំឡរ​ចា​ណា​ង (​តាម​ភាសា​របស់​ជនជាតិដើម​ភាគតិច​ឡាវ​ធ្លាប់​ហៅ​)​ឈ្មោះ ថន ធុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​យោធា​តំបន់​ប្រតិ​ប​ការ​សឹក​រង​ខេត្ត ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ហើយ​លើក​ទី​២​កើតឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ ផ្ទះ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ឈ្មោះ​ទុយ គឹមហួន ដែល​នៅជាប់​ខាងត្បូង​ផ្សារ​បាន​លុង ស្ថិតនៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នេះ​តែម្តង​។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង និង​សមត្ថកិច្ច​គ្រប់លំដាប់​ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍​នឹងធ្វើ​កំណត់ហេតុ​ដើម្បី​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្តែង​នេះ​៕ដោយ៖ឡុង សារ៉េតmnjp

mnjkjy