ភ្នំពេញ ៖ នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាតំណាងអង្គការទេសចរណ៍ពិភពលោក ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ សមាគមទេសចរណ៍ជាតិ និងអន្តរជាតិ វាគ្មិនជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស-និស្សិត និងភាគីពាក់ព័ន្ធផ្សេងៗទៀត បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជាក្រោមប្រធានបទលើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ ដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ថ្ងៃទី២១ សីហានេះ នៅរាជធានីភ្នំពេញ។
ថ្លែងបើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនមានប្រសាសន៍ថា ថ្ងៃនេះ ក្រសួងទេសចរណ៍ ពិតជាមានកិត្តិយសដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពី ទេសចរណ៍ម្ហូបអាហារកម្ពុជានេះឡើង ដោយសហការជាមួយអង្គការទេសចរណ៍ពិភពលោក និងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
សន្និសីទអន្តរជាតិនៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទេសចរណ៍ពិភពលោក គំនិតផ្តួចផ្តើមរបស់
អាស៊ាន និងជាពិសេសដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា ជាផលិត ផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជាចូលរួមលើកតម្កើងប្រពៃណី វប្បធម៌ និងបេតិកភណ្ឌជាតិ តាមរយៈទេសចរណ៍ម្ហូបអាហារផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ទស្សនៈទាន គោលការណ៍ណែនាំនានា ស្តីពីទេសចរណ៍ម្ហូបអាហារនេះ ត្រូវការប្រទេសជាសមាជិកយកមកអនុវត្ត និងរៀបចំជាគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ កាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត ហើយទន្ទឹមនឹងនិន្នាការសាកលលោក ប្រទេសជាសមាជិកអាស៊ានក៏បានផ្តួចផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការលើទេសចរណ៍ម្ហូបអាហារនេះ ដោយកំពុងរៀបចំដាក់ចុះឲ្យមានផែនការមេអភិវឌ្ឍទេសចរណ៍ម្ហូបអាហារអាស៊ាន ដែលគំនិតផ្តួចផ្តើមថ្នាក់តំបន់នេះ នឹងក្លាយជាកាលានុវត្តភាពសម្រាប់ប្រទេសជាសមាជិក ក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារនេះ។
តែទោះជាយ៉ាងណាក្តីប្រទេសជាសមាជិកក៏ត្រូវខិតខំលើកកម្ពស់ប្រពៃណី វប្បធម៌ និង បេតិក ភណ្ឌម្ហូបអាហាររបស់ខ្លួន សំដៅចូលរួមជំរុញភាពសំបូរបែបនៃម្ហូបអាហារអាស៊ាន បម្រើដល់ទេសចរដែលមកទស្សនាក្នុងតំបន់ ប្រកបដោយភាពពេញចិត្ត និង បទពិសោធន៍ល្អប្លែកៗ ដើម្បីចូលរួមសម្រេចចក្ខុវិស័យទេសចរណ៍អាស៊ានជា “គោលដៅទេសចរណ៍តែមួយ ប្រកបដោយគុណភាព”៕