ភ្នំពេញ ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោកអគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ បានជួបប្រជុំជាមួយតំណាងអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ ផលិតអគ្គិសនី ស្របពេលដែលប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅតាម ទីក្រុង និងទីប្រជុំជន ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យបរិមាណសំរាម និងកាកសំណល់រឹង មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភនោះ។
ជាក់ស្តែង ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យមមាន ប្រមាណជាង ២៨០០ តោនក្នុង ១ថ្ងៃ ដែលមានការកើនឡើងក្នុងរង្វង់ពី ១០ ទៅ ១៣% ក្នុង ១ឆ្នាំ ហើយវាត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងបន្តទៀត ដែលទាមទារឱ្យមានវិធានការក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំ បានពិភាក្សា និងរិះរកវិធានការដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម និងកាក សំណល់រឹង ដោយផ្អែកលើរបាយការណ៍សិក្សាបឋមរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោ បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចខាងក្រោម៖ ១.រៀបចំកសាងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងអនុវត្តបទដ្ឋានគតិយុត្តិស្តីពីការគ្រប់គ្រងកាកសំណល់ រឹង និងសំរាម, ២.រៀបចំយន្តការអន្តរស្ថាប័ន រួមគ្នាអនុវត្ត វិធានការណ៍ជាខ្សែច្រវាក់ ចាប់ពីអ្នកប្រើប្រាស់ រហូតដល់ការកែច្នៃចុងក្រោយចំពោះកាកសំណល់រឹង និង សំរាម, ៣.រៀបចំជាយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគ្រប់ទីកន្លែង ដើម្បីបង្កើនការយល់ដឹងអំពី ការទុកដាក់សំរាម ការសំអាតអនាម័យ បរិស្ថាន និងសុខុមាលភាពជារួម ដែលកិច្ចការនេះ ទាមទារឱ្យមាន ការចូលរួមគាំទ្រឱ្យបានពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងភាគីពាក់ព័ន្ធ ទាំង អស់។ អង្គប្រជុំ ក៏បានពិភាក្សាលើជម្រើសនៃវិធានការនានា ដែលមានលក្ខណៈជាប្រព័ន្ធ ដែលផ្តោតសំខាន់ លើ៖ ការរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃសំណល់រឹង និងសំរាម, ការកែសម្រួល ប្រព័ន្ធគ្រប់គ្រង ដាក់ចេញនូវយន្តការ វិធានការអនុវត្តម៉ត់ចត់ និងជាក់លាក់ក្នុងការគ្រប់គ្រងកាកសំណល់រឹង និងសំរាម ក៏ដូចជា រៀបចំជាយុទ្ធនាការដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ដោយមានការសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមរៀបចំទុកដាក់កាកសំណល់រឹង និងសំរាមនេះ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ស្វែងរកដំណោះស្រាយសម្រាប់ការអនុវត្ត និងបានស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តចូលរួមផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕