ក្រសួងបង្កើតសាលាឧទ្ធរណ៍ថ្នាក់តំបន់ចំនួន4 ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 August, 2019 ក+ ក-

​ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើត ឱ្យមានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍នៅក្នុងតំបន់ ចំនួន៣បន្ថែមទៀត គឺតំបន់ត្បូងឃ្មុំ តំបន់បាត់ដំបង និងតំបន់ព្រះសីហនុ ដើម្បីសម្រួលដល់រឿងក្តីរបស់ប្រជាពលរដ្ឋតាមខេត្តនីមួយៗ ត្បិតសំណុំរឿងជាច្រើនត្រូវបានស្ទះនៅបណ្តឹងឧទ្ធរណ៏។

សាលាឧទ្ធរណ៍៤ នៅពេលខាងមុខនេះ នឹងត្រូវបែងចែកតំបន់គ្នា ក្នុងការទទួលសំណុំរឿង ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ។ នេះបើតាមព្រះរាជក្រិតរបស់ព្រះមហាក្សត្រ ដើម្បីបង្កើតឲ្យសាលាឧទ្ធរណ៏តំបន់។ បើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ គឺសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវទទួលដោះស្រាយបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឬករណីសំណុំរឿងដែលតុលាការកំពូលបានបង្វិលមក ខណៈតំបន់សាលាឧទ្ធរណ៍នៅតាមតំបន់ផ្សេងទៀតនោះ សម្រាប់ទទួលការ ដោះស្រាយលើសំណុំរឿងរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនៅតំបន់ក្បែរៗនោះ។ សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ត្រូវទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កំពង់ធំ ខេត្តព្រះវិហារ ក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រៃវែង ខេត្តស្វាយរៀង។ សាលាដំបូងខេត្តត្បូងឃ្មុំ និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ឬករណីសំណុំរឿង ដែលតុលាការកំពូលបានបង្វិលមកវិញ។

ចំពោះសាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង ត្រូវទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានារបស់សាលាដំបូងខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាបជាដើម។ ចំពោះសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ត្រូវទទួលដោះស្រាយ បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនានា របស់សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូងខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០១ សីហានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌ បានបន្យល់ថា ការដាក់ដំណើរការសាលាឧទ្ធរណ៍តំបន់នៅក្នុងខេត្តចំនួន៣បន្ថែមគឺ ដើម្បីសម្រួលដល់ដំណើរការក្តី កុំឲ្យមានការកកស្ទះនៅត្រឹមសាលាឧទ្ធរណ៏ ត្បិតសាលាឧទ្ធរណ៏បច្ចុប្បន្នមានតែមួយគត់នៅភ្នំពេញ ធ្វើឲ្យសំណុំរឿងជាច្រើនកកស្ទះនៅឧទ្ធរណ៏ភ្នំពេញ។ លោក បញ្ជាក់ថា សាលាឧទ្ធរណ៍តំបន់បានចំនួន៣ខេត្ត គឺនៅខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង់ និងខេត្តព្រះសីហនុ កំពុងដំណើរការសាងសង់ សម្រេចបាន៨០ភាគរយហើយ ដោយរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ(២០២០)»។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានឲ្យដឹងថា ក្រសួងនឹងបង្កើតសាលាដំបូងនៅខេត្តកែបមួយទៀត ព្រោះបច្ចុប្បន្ន ខេត្តកែបមិនមានសាលាដំបូងដើម្បីកាត់ក្តីទេ តែបានប្រើប្រាស់តុលាការរួមគ្នាជាមួយតុលាការខេត្តកំពត៕