ការប្រើប្រាស់ឳសថបុរាណឬថ្នាំពេទ្យមិនមានវេជ្ជបញ្ជាត្រឹមត្រូវអាចប្រឈមវិឌ្ឍន៍ទៅជាជំងឺតម្រងនាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺតម្រងនោមកម្ពុជាបានពន្យល់ថា ការប្រើប្រាស់ឱសថបុរាណគ្មានប្រភពច្បាស់លាស់ឬថ្នាំពេទ្យដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវអាចប្រឈមខ្លាំងការវិឌ្ឍន៍ទៅកើតជាជំងឺតម្រងនោម។

លោក វេជ្ជបណ្ឌិត លឹម វឌ្ឍនា ប្រធានសមាគមក្រុមគ្រូពេទ្យតម្រងនោមកម្ពុជា បានថ្លែងឲ្យដឹងនៅសន្និសិទសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាលើកទី៤ នៅថ្ងៃអាទិត្យ នាសណ្ឋាគារភ្នំពេញថា ជំងឺតម្រងនោមគឺបានកើតឡើងទៅលើមនុស្សគ្រប់វ័យដោយមិនអាចមើលឃើញតាមរយៈអាការៈផ្នែកខាងក្រៅនោះទេ ពោលទាល់តែធ្វើតេសឈាមទើបអាចធ្វើរោគវិនិច្ឆ័យឃើញថាអ្នកជំងឺកំពុងតែកើតមានជំងឺតម្រងនោម។ លោក អះអាងថា នៅប្រទេសកម្ពុជាអាត្រាអ្នកជំងឺតម្រងនោម គឺមានអាត្រាខ្ពស់គួរសមដែរ ប៉ុន្តែមិនទាន់មានតួលេខពិតប្រកដកំណត់សម្គាល់បានច្បាស់លាស់បាននៅឡើយនោះទេ ដោយសាតែប្រជាពលរដ្ឋយើងដែលមានជីវភាពធូធាទៅទទួលសេវាព្យាបាលនៅក្រៅប្រទេស។

ប្រធានសមាគម ក្រុមគ្រូពេទ្យតម្រងនោមកម្ពុជា បានបញ្ជាក់ថា តាមការស្រា វជ្រាវពីសមាគមក្រុមគ្រូពេទ្យតម្រងនោមកម្ពុជាបានបង្ហាញថា ជំងឺតម្រងនោ មគឺមានចំនួនភាគតិចនូវឡើយនោះទេ ប៉ុន្តែការវិឌ្ឍន៍មកកើតជាជំងឺតម្រងនោមភាគច្រើននោះ គឺអ្នកជំងឺដែលមានផ្ទុកនូវជំងឺទឹកនាមផ្អែម ជំងឺលើសសម្ពោធឈាម ជំងឺគ្រួសក្នុងតម្រងនោម និងជំងឺរលាកតម្រងនោមជាដើម ។ លោក ពន្យល់ថា កក្តាដែលរួមចំណែកមួយផ្នែកទៀត ដែលអាចឲ្យអ្នកជំងឺអាចឈានទៅកើតជំងឺតម្រងនោមបានដែរនោះ ក៍បណ្តាមកពីចំណីអាហារដែលមានផ្ទុកនូវសារធាតុគីមី ពិសេស គឺការប្រើប្រាស់ឳសថបុរាណមិនមានប្រភពច្បាស់លាស់ និងការប្រើប្រាស់ថ្នាំពេទ្យដែលមិនមានវេជ្ជបញ្ជាត្រូវត្រឹមពីគ្រូពេទ្យជំនាញ។ដូច្នោះហើយការប្រើប្រាស់ដោយប្រថុយប្រថានទាំងអស់នេះអាចប្រឈមខ្លាំងវិវឌ្ឍន៍ទៅកើតជំងឺតម្រងនោមបាន។

គួររំលឹកដែរថា សមាគមគ្រូពេទ្យតម្រងនោមកម្ពុជាហៅកាត់ថា (ស.គ.ត.ក) បានបង្កើតឡើងនៅឆ្នាំ ២០១៦ មានគោលបំណងនិងចក្ខុវិស័យ រកវិធានការណ៏ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺមិនឆ្លង ដែលក្នុងនោះរួមមាន ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ជម្ងឺលើសសម្ពាធឈាម និងជម្ងឺទូទៅរ៉ាំរៃផ្សេងៗទៀត ។ កាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺដែលបណ្តាលមកពីជំងឺមិនឆ្លងនានា ។លើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈអោយបានកាន់តែល្អប្រសើរស្របតាមទិសដៅរបស់ ក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕