បរទេស ៖ ប្រទេសចិន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់ពន្ធបន្ថែមលើទំនិញរបស់គ្នាទៅវិញទៅមក ដែលជាការកើនឡើងភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទោះបីជាមានសញ្ញាពីការចចារគ្នា នឹងចាប់ផ្តើមឡើងវិញ នៅខែនេះក៏ដោយ។
ពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ប្រទេសចិន និងពន្ធរបស់ចិន លើទំនិញ សហរដ្ឋអាមេរិក បានចូលជាធរមានចាប់ពី ថ្ងៃអាទិត្យ ម្សិលមិញនេះ។
រដ្ឋបាលរបស់លោកដូណាល់ត្រាំ នឹងចាប់ផ្តើមប្រមូលពន្ធចំនួន ១៥% លើការនាំចូល របស់ចិន ដែលស្មើនឹងទឹកប្រាក់ជាង ១២៥ ពាន់លានដុល្លារ ក្នុងនោះមាន ដូចជាឧបករណ៍ បំពងសម្លេង កាសប៊្លូធូស និងស្បែកជើងជាច្រើនប្រភេទ។ ជាផ្នែកមួយនៃការសងសឹក ទីក្រុងប៉េកាំង នឹងចាប់ផ្តើមកំណត់ពន្ធ ៥% លើប្រេងឆៅរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ ដែលនេះជាលើកទី ១ ហើយ ដែលប្រេងរបស់សហរដ្ឋអាមេរិក ត្រូវបានកំណត់គោលដៅ ចាប់តាំងពីប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោក បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ កាលពីជាងមួយឆ្នាំមុន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមពាណិជ្ជកម្ម មកពីប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែបន្តចចារ ហើយនឹងជួបប្រជុំគ្នា នៅខែកញ្ញានេះ។ ប្រទេសចិនបានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឲ្យលុបចោលការដំឡើងពន្ធនេះ ប៉ុន្តែបាននិយាយកាលពីសប្តាហ៍មុនថា កិច្ចចចារជុំបន្ទាប់រវាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅក្នុងខែកញ្ញានេះ៕