ចិនដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក រឿងអាមេរិកដាក់ពន្ធថ្មី
បរទេស ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន បានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងសហរដ្ឋអាមេរិក ជុំវិញការដាក់ពន្ធរបស់ក្រុងវ៉ាស៊ីនតោន ទៅលើទំនិញរបស់ចិន ដែលមាន តំលៃស្មើនឹងទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការណ៍ បាននិយាយថា ប្រទេសចិននឹងការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ខ្លួនយ៉ាងមុតមាំ និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ព្រមទាំងបទបញ្ជាពាណិជ្ជកម្មអន្តរជាតិ ស្របតាមវិធានការរបស់អង្គការពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ថា ការដាក់ពន្ធជាបន្តបន្ទាប់ បានវាយប្រហារទៅលើទំនិញនាំចេញរបស់ ប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក ចាប់ពីតាំងថ្ងៃអាទិត្យ ទី១ ខែកញ្ញា កន្លងទៅនេះ៕