ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា បានថ្លែងដោយចំហ និងជាលើកដំបូង ថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះ បានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងត្រូវចាប់ខ្លួន។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីប្រទេសឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នារាជធានីភ្នំពេញ វេលាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។
«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» ។
គួរជម្រាបថា ការប្រកាសដោយចំហរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ បានធ្វើឡើងនៅបន្ទាប់ពីមានការវិភាគរបស់បណ្ឌិតខ្មែរម្នាក់ ដែលលើកឡើងថា កម្ពុជាបានស្វែងរកអន្តរាគមន៍ពីឡាវ មុនពេលក្រុមទណ្ឌិត ដឹកនាំដោយលោក សម រង្ស៊ី នឹងចូលទឹកដីកម្ពុជាតាមប្រទេសឡាវ៕