រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តពោធិវង្ស ក្នុងស្រុកជើងព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2019 ក+ ក-

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នំា ២០១៩ នេះ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចូលរួមជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តពោធិវង្ស ហៅវត្តរវាងលិច ដែលស្ថិតនៅក្នុងឃុំ ខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ក្រុមប្រឹក្សាស្រុក គណះអភិបាលស្រុក និង មន្រ្តីរាជការជាច្រើននាក់ ។

នាឱកាសនោះ លោកប្រធានក្រុមការងារក៏បានប្រគេនទេយ្យទានជូនដល់ព្រះសង្ឃ និងបានឧបត្តម្ភជាថវិកាជូនដល់លោកយាយ លោកតា ដែលបានមកចូលរួមផងដែរ ។

សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុត្រ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។

ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឲ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឲ្យមានសាមគ្គីភាពគ្នា នឹងបណ្ដុះស្មារតីឲ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាងធ្វើល្អដើម្បីសង្គមជាតិរីកចំរើន។

រីឯ ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។

ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ៕ ដោយ ៖ ប៉ែនសុផល