ខេត្តរតនគីរី ៖ ករណីបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង ៩និង២០នាទី នោះ ត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ គឺត្រូវជាមិត្តភ័របស់ជនរងគ្រោះ ហើយជនសង្ស័យបានសារភាពថា រូបគេពិតជាបានបាញ់សម្លាប់ប្រាកដមែន ដោយសាររឿងគំនុំ។
នងការនគរបាលខេត្តរតនគិរី លោកយិន ចំណាន បានប្រាប់ឲ្យដឹងថា ជនដៃដល់ត្រូវបាន កម្លាំងនគរបាលតាមចាប់ខ្លួនបាននៅវេលាម៉ោង ១០និង៤៥នាទី នៅរមណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុងរយៈពេលជាង ១ម៉ោង និងដកហូតរថយន្ដរបស់ជនដៃដល់ ដែលបើកទៅធ្វើសកម្មភាពមួយគ្រឿង ម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខ 2N-5011 បន្ទាប់ពីជនបង្កឈ្មោះ នួន មករា បានប្រើកាំភ្លើងខ្លីបាញ់ចំក្បាលជនរងគ្រោះឈ្មោះ ផន ទុំ ១គ្រាប់ ក្នុងខណៈជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនដៃដល់រូបនេះ ឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ជនរងគ្រោះលោក ផន ទុំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាមួយគ្នា និងត្រូវជាមិត្តភ័ក្តិ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការតាមនីតិវិធី៕