ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រមាណ ៦ និង ១០ នាទី ព្រឹក ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៩ ដោយសារគេបានប្រទះឃើញ រថយន្តមួយគ្រឿងបានធ្លាក់លិច ទៅក្នុងទឹកប្រឡាយ ឃើញតែដំបូលបន្តិចបន្តួច ជាមួយគ្នានោះ ក៏បានឃើញសពបុរសម្នាក់ស្លាប់ អណ្ដែតទឹកនៅមិនឆ្ងាយ ពីរថយន្តនោះប៉ុន្មានទេ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្លូវលេខ ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តស្ទូចទៅស្ទូចយករថយន្តខាងលើ ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P.2163 និងបានស្រង់សពជនរងគ្រោះមកលើគោក ដើម្បី ស្រាវជ្រាវ រកអត្តសញ្ញាណ មិនយូរប៉ុន្មានសាកសពជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ គិន វិសាល អាយុប្រមាណជាង 30 ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ មានមុខងារជាអនុប្រធានមន្ទីរ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការដ្ឋានកិច្ច ខេត្តកំពង់ឆ្នាំង ។ បន្តិចក្រោយមកគេឃើញ មន្ត្រីរបស់ របស់មន្ទីរទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច បាន ពិនិត្យ និងបានស្គាល់ថា សពជនរងគ្រោះពិតជាលោក គិន វិសាល អនុប្រធានមន្ទីរ ពិតមែន និង បានរៀបចំយករថយន្ត របស់មន្ទីរពេទ្យខេត្ត ដឹកសពយកទៅលំនៅឋានរាជធានីភ្នំពេញ ដើម្បី ធ្វើ បុណ្យតាមប្រពៃណី ។ ចំណែករថយន្ត ត្រូវបានស្ទូចយកទៅរក្សាទុកជូនម្ចាស់ដើមវិញ ។
ប្រភពពីមន្ត្រីទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា និងអធិការដ្ឋានកិច្ច ដែលបានចុះដល់កន្លែងកើតហេតុ បានបញ្ជាក់ថា៖ នៅល្ងាចថ្ងៃទី 3 ខែតុលា ឆ្នាំ២០១៩ មន្ត្រីរបស់មន្ទីរទំនាក់ទំនងសភា និងព្រឹទ្ឋ សភា មានរៀបចំពិធីពិសារអាហារសាមគ្គីជុំគ្នា ក្រោយមកម៉ោងប្រហែលជាង ៧យប់ ក៏បែកទៅផ្ទះ រៀងៗខ្លួន ។ ចំណែកជនរងគ្រោះមិនដឹងបើករថយន្តទៅខាងណានោះទេ ។ លុះព្រឹកឡើងស្រាប់តែប្រទះឃើញអណ្ដែតទឹកនៅចំណុចផ្លូវលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មី របស់ក្រុងកំពង់ឆ្នាំង ។
តាមសាតការពិនិត្យកន្លែងរបស់មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ រថយន្ត ជនរងគ្រោះបានធ្វើដំណើរពីកាន់ជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ ផ្លូវ មកខាងស្តាំដៃ រួចចូលទៅក្នុងប្រឡាយទឹកតែម្តង ។ រថយន្តមិនបានក្រឡាប់នោះទេ ប៉ុន្តែបានលិច ទៅក្នុងទឹកឃើញតែដំបូល ហើយឃើញជនរងគ្រោះបានស្លាប់អណ្តែតទឹក នៅពីក្រោយរថយន្ត ប្រហែលជា៣ម៉ែត្រ ដែលអាចសន្និដ្ឋានបានថា៖ ជនរងគ្រោះបានហែលចេញពីរថយន្ត ប៉ុន្តែដោយ សារស្ថានភាពងងឹត មិនចេះហែលទឹកទៅរកច្រាំងបាន ក៏ផុតដៃផុតជើងបណ្តាល អោយលង់ស្លាប់ តែឯងតែម្ដង៕