ភ្នំពេញ: គម្រោងវិនិយោគអគារភ្លោះកម្ពស់៥០០ម៉ែត្រ មាន១១១ជាន់ តម្លៃប្រមាណ៣ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនាពេលអនាគតចំកណ្តាលក្រុងភ្នំពេញ ត្រូវបានរដ្ឋបាលក្រុងភ្នំពេញបើកកិច្ចពិភាក្សាលម្អិតមុនពេលលើកសំណើនេះទៅប្រមុខរាជរដ្ឋាភិបាលដើម្បីអនុម័ត។
នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ មិថុនា នេះ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគអចលទ្រព្យមកពីក្រុមហ៊ុនធំៗចំនួន ៣ សាលាក្រុងនឹងជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ពន្លឿនការសិក្សាឲ្យបានល្អិតល្អន់លើគំរូ ស្ថាបនាអគារកំពស់ ១១១ ជាន់ ស្មើនឹង ៥០០ ម៉ែត្រ មុននឹងលើកសំណើរជូនប្រមុខរាជរដ្ឋាភិបាល សម្រេច និងអនុម័ត។
លោកអភិបាលបន្តថា គម្រោងស្ថាបនាអគារដ៏ខ្ពស់មួយនេះ បន្ទាប់ពីក្រុមហ៊ុនវិនិយោគអចលទ្រព្យមកពីក្រុមហ៊ុនធំៗចំនួន ៣ មកពីប្រទេសចិន រួមមាន ម៉ាកាវ ហុងកុង និងចិន ដែលបានសហការជាមួយក្រុមហ៊ុនថៃប៊ុនរ៉ុង នៅប្រទេសកម្ពុជា ស្នើសុំសាលារាជធានីភ្នំពេញ ចង់សាងសង់អគារលំដាប់ថ្នាក់ពិភពលោក ជាលើកដំបូង នៅរាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងសាងសង់អគារ ដែលបានលើកឡើងនេះ ជាគំរោងដ៏ធំអស្ចារ្យមួយ ដោយមិនត្រឹមតែសម្រាប់រាជធានីភ្នំពេញ ប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ គឺវាមានកំពស់ខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីទៅទៀត។
លោក បន្ថែមថា ទោះបីគម្រោងនេះ ល្អយ៉ាងណាក៏ដោយ អាជ្ញាធរត្រូវពិនិត្យ និងសិក្សាឲ្យបានស៊ីជម្រៅជាមុនសិន ដូចជា កម្ពស់អាគារ និងទីតាំង ដោយសារតែរាជធានីភ្នំពេញ ត្រូវបានកំណត់ មានតំបន់បរិវេណប្រវត្តិសាស្ត្រ ដែលត្រូវកម្រិតកំពស់អាគារ និងតំបន់ទីប្រជុំជនមានមនុស្សរស់នៅស្មុគស្មាញ។ ដោយឡែក សម្រាប់តំបន់ថ្មី ពិសេសភាគខាងជើង និងខាងកើតរាជធានីភ្នំពេញ មិនសូវមានបញ្ហាប៉ុន្មានទេ។
លោក Ng Lap seng Sun តំណាងសម្ព័ន្ធក្រុមហ៊ុន Kia nip Group មកពីប្រទេសចិន បានឲ្យដឹងថា គម្រោងមួយនេះ ត្រូវបានរចនាម៉ូតយ៉ាងល្អប្រណិត ជាមួយនឹងគម្រោងសំណង់អគារខ្ពស់ចំនួន ១០ ទៀត ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងនៅលើពិភពលោក មជ្ឈមណ្ឌលវប្បធម៌ ចម្រុះជាតិសាស្ត្រ និងការិយាល័យទំនាក់ទំនងក្នុងតំបន់អាស៊ាន។
លោកបានអះអាងថា នៅពេលដែលគម្រោងមួយបានស្ថាបនារួចនោះ នឹងធ្វើរាជធានីភ្នំពេញ កាន់តែមានសក្តានុពលខាងផ្នែកវិនិយោគ លើគ្រប់វិស័យមកពីបរទេស ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង ព្រោះគម្រោងនេះ បានសាងសង់ឡើងដោយផ្អែកលើស្ថេរភាពនយោបាយនៅកម្ពុជា មានដំណើរការល្អមិនធ្វើឲ្យវិនិយោគិនព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាព ម្យ៉ាងវិញទៀតកម្ពុជា ពុំដែលជួបហានិភ័យគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរនោះឡើយ។
លោក Ng Lap seng Sun បានបញ្ជាក់ថា “គម្រោងនេះ ដំណើរទៅបាន ទាល់តែមានការជំរុញ និងគាំទ្រ យ៉ាងពេញទំហឹង ពីសាលារាជធានីភ្នំពេញ”។
សូមបញ្ជាក់ថា តាមគំរូប្លង់អគារភ្លោះដ៏ស្កឹមស្កៃមួយនេះ គ្រោងនឹងស្ថាបនាឡើងនៅក្បែរនឹងមាត់ទន្លេ នឹងចំណាយទុនស្ថាបនារហូតដល់ជាង ៣ ពាន់លានដុល្លារ ដោយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងសួនច្បារសាធារណៈល្អស្អាត ដូចប្រទេសជឿនលឿនលើពិភពលោក៕