ភ្នំពេញ ៖ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ចប់សព្វគ្រប់ ហើយនៅព្រឹកស្អែក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម័យប្រជុំរដ្ឋសភានឹងបន្ត ដើម្បីពិភាក្សា និង អនុម័តលើរបៀបវារៈដែលនៅសល់ជាបន្តទៀត។
សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាបានអនុម័តនាថ្ងៃនេះ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើងនៅក្នុងបរិបទដែលវិស័យសំណង់កំពុងរីកចំរើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ច ជាតិ។
សេចក្តីព្រាងច្បាប់ស្តីពីសំណង់មាន ២២ជំពូក និង១១១មាត្រា មានសារប្រយោជន៍ ក្នុងការពង្រឹងការ គ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ចូលរួមពង្រឹង ការគ្រប់គ្រងនគររូបនីយកម្មដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកប ដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈជាដើម នេះបើតាមការគូសបញ្ជាក់របស់អគ្គលេខាធិការ ដ្ឋានរដ្ឋសភា៕