ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកម៉ាគូស ឡូរ៉េនស៊ីនី (Markus Lorenzini) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ីមិន(SIEMENTS) ដែលមានការិយាល័យប្រចាំការ ទីស្នាក់ការកណ្ដាលនៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នា រសៀលថ្ងៃទី ៨ តុលានេះ ។ ក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានវត្តមានជាង២០ឆ្នាំនៅកម្ពុជានេះ បានប្រកាសជំហរ រកស៊ីនៅកម្ពុជា ត្បិតសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងឡើង។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបថា លោក Markus Lorenzini មានឆន្ទៈ និងមានកិត្តិយស បន្តធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា ក្រោយមានវត្តមាននៅកម្ពុជាជាង២០ នៅកម្ពុជា គ្រាកម្ពុជាបន្តមានការរីកចម្រើនទៅលើការអភិវឌ្ឍសេដ្ឋកិច្ចការអភិវឌ្ឍសង្គម។ លោកបញ្ជាក់ថា លោកបានធ្វើការងារសហការយ៉ាងជិតស្និទ្ធជាមួយទាំងវិស័យរដ្ឋទាំងវិស័យឯកជន ហើយកម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ជាពិសេសក្នុងការបន្តធ្វើការរួមជាមួយគ្នា។
លោកចាត់ទុកថា ប្រទេសកម្ពុជានៅពេលនេះកំពុងធ្វើដំណើរទៅមុខយ៉ាងលឿននិងក្លាយទៅជាប្រទេសលំដាប់ឈានមុខមួយនៅក្នុងអាស៊ីបូព៌ានិងនៅក្នុងអាស៊ាន។ លោកនឹងបន្តសហការលើវិស័យថាមពល ជាពិសេសវិស័យអគ្គិសនី ហើយលោកចាត់ទុកថា អ្វីដែលបន្តគឺធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនីកម្ពុជាមានគ្រប់គ្រាន់ ដើម្បីជាការទាក់ទាញមួយ ដល់អ្នកវិនិយោគឲ្យមកវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជាផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជារឿងល្អដែលក្រុមហ៊ុនរបស់លោកសហការជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជា ទៅលើវិស័យថាមពលអគ្គិសនី។ ជាពិសេសសម្ដេច ចង់ឃើញក្រុមហ៊ុនបន្តមានកិច្ចសហប្រតិបត្តិការទៅលើវិស័យថាមពលនេះ។
អ្វីដែលជាក់ស្ដែងកម្ពុជាតម្រូវការខ្លាំងតាំងពីពេលមុនរហូតមកដល់ពេលនេះគឺ ចំនួននៃការប្រើប្រាស់អគ្គិសនី ដែលមានការកើនឡើងជាលំដាប់ ជាពិសេសដោយសារកំណើនសេដ្ឋកិច្ចផង និងតម្រូវការ។ប្រជាពលរដ្ឋកម្ពុជាជាង ៧៣ភាគរយ បានប្រើប្រាស់អគ្គិសនី ហើយ ៩២ ភាគរយនៃភូមិនៅជនបទកម្ពុជា គឺមានតភ្ជាប់ទៅបណ្ដាញអគ្គិសនី ដូច្នេះហើយទើបមានការកើនឡើងនូវការតម្រូវការថាមពលអគ្គិសនី។
រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ចំពោះវិស័យថាមពលនេះហើយមិនមែនតែទៅលើគម្រោងវារីអគ្គិសនីនោះទេ ជាពិសេសទៀតទៅលើគម្រោងថាមពលកកើតឡើងវិញដែលមានការគាំទ្រដល់បរិស្ថាន ដូចជាពន្លឺព្រះអាទិត្យជាដើម។ សម្ដេចតេជោ បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការងារនេះ ជាមួយក្រសួងរ៉ែនិងថាមពល ជាពិសេសក្នុងការបណ្ដុះបណ្ដាលដល់មន្ត្រីរបស់កម្ពុជា៕