ភ្នំពេញ៖ មេឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងលោក ហាយ ស៊ីន កាលពីវេលា ម៉ោង១០:៣០នាទីព្រឹកថ្ងៃទី៣០ មិថុនា ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃុំខ្លួននៅរាជធានីភ្នំពេញពាក់ព័ន្ធករណីពុករលួយ ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ខ្លួនលោកមេឃុំជ្រោយស្វាយនេះ មានលោកជំទាវម្នាក់បានទៅទិញដីនៅស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតម្លៃប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។ ពេលលោកជំទាវទិញដីពីក្រុមហ៊ុនមួយនោះបានហើយ ក៏បានធ្វើលិខិតស្នាមនៅនគរបាលប៉ុស្តិ៍ ហើយនគរបាលប៉ុស្តិ៍បានយកឯកសារនោះទៅរត់ការសុំចុះហត្តលេខាពីលោក មេឃុំ ប៉ុន្តែមេឃុំជ្រោយស្វាយមិនទាន់ស៊ីញ៉េទេ ដោយទាមទារចង់ជួបលោកជំទាវម្នាក់នោះសិន ។
ប្រភពបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ លោកជំទាវដែលទិញដីពីក្រុមហ៊ុនបានណាត់ជួបលោកមេឃុំ ហាយ ស៊ីន នៅរាជធានីភ្នំពេញក្នុងភោជនីដ្ឋានដារ៉ា ស្ថិតនៅសង្កាត់បឹងកក់៣ ខណ្ឌទួលគោក ។ ពេលលោកមេឃុំបានជួបលោកជំទាវ ពេលនោះលោកជំទាវបានប្រគល់ស្រោមសំបុត្រមួយឲ្យទៅមេឃុំ ហើយក៏ត្រូវកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនតែម្តងទៅ ។ នៅពេលចាប់ខ្លួនសមត្ថកិច្ចបានឆែកក្នុងស្រោមសំបុត្រនោះឃើញមានលុយចំនួន ៧.០០០ដុល្លារអាមេរិក ។
ប្រភពព័ត៌មានបន្តឲ្យដឹងទៀតថា ករណីខាងលើនេះគឺអាចចាត់ទុកថា ជាការរៀបចំគម្រោងជាមុនដើម្បីចាប់ខ្លួនមេឃុំជ្រោយស្វាយ ។ទោះបីជាយ៉ាងនេះក្តី ក៏គ្មានប្រភពណាអះអាងបន្ថែមពីមូលហេតុពិតដែលឈានដល់ការសូក និងទទួលសំណូកមានទឹកប្រាក់រហូតដល់៧០០០ដុល្លារដោយគ្រាន់តែសុំហត្ថលេខាទទួលស្គាល់ពីការទិញដីនោះឡើយ ឬក៏ការទិញ លក់នោះថិតក្នុងភាពមិនប្រក្រតី ?៕ ដោយ៖សុខា