កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យជឿតាមការញុះញង់អូសទាញ បំផុសបំផុលឲ្យបងប្អូន ចូលរួមបង្កភាពចលាចល បំផ្លិចបំផ្លាញសុខសន្តិភាពដែលកំពុងតែមានស្រាប់ ដេីម្បីបំពេញមហិច្ឆតារបស់ក្រុមអ្នកនយោបាយមួយចំនួនណានោះ ហើយងាកមកចូលរួមការពារសុខសន្តិភាពឲ្យបានគង់វង្ស ព្រោះមានសុខសន្តិភាព ទេីបមានការអភិវឌ្ឍន៍រីកចម្រើនដល់សង្គមជាតិរបស់យើងទាំងមូល ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល និងចែកពូជស្រូវជូនបងប្អូនប្រជាកសិករ ចំនួន១០១គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមពិធីពិសារអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ នៅតាមវត្តអារាមនានា ក៏ដូចជានៅតាមផ្ទះបងប្អូន ក៏សូមរៀបចំពិធីនេះផងដែរ ពិសេសត្រូវចូលរួមប្រឆាំងជាដាច់ខាត់ចំពោះកាប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ។
បេីយោងតាមរបាយការណ៍របស់ លោក អូត ឈាងលី អភិបាលស្រុកជេីងព្រៃ បានបញ្ជាក់ថា ឃុំព្រៃចារ និងឃុំសូទិព្វ មានផ្ទៃដីអនុវត្តជាក់ស្តែងសរុបបានចំនួន១ ១០៤ហិកតា ក្នុងនោះមាន០៦ភូមិ ស្មើនឹង១០១គ្រួសារ បានទទួលផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ លើដំណាំស្រូវរដូវវស្សា មានចំនួន៤៥ហិកតា។
ចំណែកឯផ្ទៃដីខូចខាតវិញនោះ សរុបមានចំនួន៤២ ហិកតា ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១០១គ្រួសារ ។ចំពោះលទ្ធភាពដែលអាចស្តារឡើងវិញ សម្រាប់គ្រួសារទាំង១០១គ្រួសារនោះ មានតែស្រូវស្រាលធម្មតាចំនួន៤២ ហិកតា ប៉ុណ្ណោះ ៕ ដោយ : សុផល