ភ្នំពេញ ៖ តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា ទោះបីជាកំណើនសេដ្ឋកិច្ចសកល មានការថមថយ ក្តីក៏សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ នេះ នៅតែសម្រេចបាននូវកំណើនរឹងមាំក្នុង រង្វង់ អត្រា ៧,០ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យ សំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ ២,៥ ភាគរយ។ ទន្ទឹម នេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈនៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែល បំណុល សាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាបដែលអាចគ្រប់គ្រងបាន។
សូមជម្រាបជូនថា ៖ ក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មួយ ក្រុមបានមកធ្វើ ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ហើយក្រោយការបញ្ចប់បេសកកម្ម ក្រុមមួយនេះ បានចេញលទ្ធផលនៃ ការវាយតម្លៃបឋមមួយ ដោយបានបង្ហាញថា សុខភាពនៃ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរដដែល។
នៅក្នុងកិច្ចប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័តុ្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១១ តុលា ក្រុមការងារបេសកកម្ម Article IV នៃមូល និធិរូបិយវត្ថុអន្តរជាតិ(IMF)បានជម្រាបជូនអង្គប្រជុំអំពីនិន្នាការថមថយ នៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខដោយសារការកើនឡើងភាពតានតឹងនៃសង្រ្គាមពាណិជ្ជ កម្ម និងការកើនឡើងគោលនយោបាយគាំពារនិយម។ ប៉ុន្តែក្រុម ការងារមួយនេះ ក៏បានគូសរំលេច ផងដែរថា សង្រ្គាមពាណិជ្ជកម្មបានផ្តល់ផលវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ដែលបានឆ្លុះ បញ្ចាំងតាមរយៈការកើនឡើងនៃការនាំចេញ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក និងលំហូរទុន វិនិយោគ ពីបរទេស។ ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងថមថយបន្តិចដោយ សារ ការថយចុះកំណើននៃសេដ្ឋកិច្ច សកល។ បន្ថែមលើនេះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយកំណើន សេដ្ឋកិច្ចខ្ពស់ និងការបន្តធ្វើកំណែទម្រង់រចនា សម្ព័ន្ធរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តែទោះជាយ៉ាងនេះក្តីសេដ្ឋកិច្ចកម្ពុជាក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ដែលបណ្តាលមក ពីការកើនឡើងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបេសកកម្ម Article IV នៃ IMF ក្នុងការវាយ តម្លៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងដាក់ចេញនូវអនុសាសន៏ គោល នយោបាយ និងការបន្តផ្តល់ជំនួយបច្ចេកទេសក្នុងការ កសាងសមត្ថភាពមន្រ្តីកម្ពុជា ឱ្យកាន់តែមាន ជំនាញ និងចំណេះដឹងប្រសើរជាងមុន ជាពិសេសការផ្តល់ជំនួយបច្ចេកទេស លើការចងក្រង ស្ថិតិ ជារួមរបស់រាជរដ្ឋាភិបាល ដែលមានសារៈសំខាន់សម្រាប់ការវិភាគ, វាយតម្លៃ និងរៀបចំគោល នយោ បាយប្រកបដោយប្រសិទ្ធភាព៕ ចាន់សុភឿន