អាមេរិក ៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យដកកងទ័ពរហូតដល់ទៅ១,០០០នាក់ពីភាគខាងជើងប្រទេសស៊ីរីដែលស្ទើរតែស្មើនឹងកងកម្លាំងដីគោកទាំងមូលនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះចំពេលមានការវាយលុកកាន់តែខ្លាំងឡើងរបស់តួកគីទៅលើកងកម្លាំងឃើដ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mark Esper បាននិយាយថា បញ្ជានេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកដឹងថា តួកគីកំពុងបន្តវាយចូលទៅក្នុងប្រទេសស៊ីរីខ្លាំងជាងការរំពឹងទុក។ ក្រោយមកកងកម្លាំងឃើដដែលអាមេរិកបានសហការជាមួយដើម្បីកម្ទេចក្រុមរដ្ឋឥស្លាម (IS) បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយរបបក្នុងទីក្រុងដាម៉ាសដើម្បីដាក់ពង្រាយកងទ័ពស៊ីរីនៅជិតព្រំដែនដើម្បីប្រឈមមុខនឹងការវាយលុករបស់តួកគី។
លោក Esper បានប្រាប់កម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS ថា “យើងមានកងកម្លាំងអាមេរិកដែលទំនងជាត្រូវជាប់ក្នុងការវាយលុករវាងក្រុមប្រឆាំងទាំងពីរហើយវាជាស្ថានភាពមិនអាចប្រកែកបាន។ ដូច្នេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីកាលពីយប់មិញបន្ទាប់ពីបានពិភាក្សាជាមួយក្រុមសន្តិសុខជាតិដែលនៅសល់ហើយគាត់បានបញ្ជាឲ្យយើងចាប់ផ្តើមដកកងកម្លាំងចេញពីភាគខាងជើងប្រទេសស៊ីរី”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Esper បាននិយាយថា លោកមិនអាចផ្តល់ពេលវេលាកំណត់បានទេដោយសារតែស្ថានភាពមានការផ្លាស់ប្តូរប៉ុន្តែលោកបានបន្ថែមថា ការដកចេញនេះនឹងត្រូវធ្វើឡើងប្រកបដោយសុវត្ថិភាពនិងចេតនា។
សេចក្តីប្រកាសដកទ័ពរបស់អាមេរិកបានធ្វើឡើងបន្ទាប់ពីកងទ័ពរបស់ខ្លួនបានស្ថិតក្រោមការបាញ់កាំភ្លើងធំកាលពីថ្ងៃសុក្រដែលមន្ទីរបញ្ចកោណបាននិយាយថាបាញ់ចេញពីទីតាំងរបស់តួកគី។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យនៅតាមបណ្តោយព្រំដែននៅថ្ងៃទី៥នៃការវាយលុកដែលបានបង្កឲ្យមានការថ្កោលទោសជាអន្ដរជាតិនិងបណ្តាលឲ្យជនស៊ីវិល និងយុទ្ធជនរាប់សិបនាក់ស្លាប់៕