ប៉េកាំង ៖ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធទី១៦ខែតុលានេះថា ទីក្រុងប៉េកាំងនឹងប្រឆាំងដាច់ខាតចំពោះវិធានការថ្មីដែលអនុម័តដោយសភាតំណាងរាស្ត្រអាមេរិកដែលទាក់ទងនឹងការតវ៉ារបស់ហុងកុង និងបានជំរុញឲ្យ សមាជិកសភាបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហុងកុង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានមានប្រសាសន៍ថា“ យើងសំដែងនូវការខឹងសម្បារយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការទទូចរបស់តំណាងរាស្ត្រអាមេរិកក្នុងការអនុម័តច្បាប់ដែលគេហៅថាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់ហុងកុង” ។ លោកបានបន្ថែមទៀតថា ទំនាក់ទំនងរបស់ចិនជាមួយសហរដ្ឋអាមេរិកនឹងត្រូវខូចខាត ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត។
គួរបញ្ជាក់ថា ច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទីក្រុងហុងកុង គឺជាវិធានការមួយត្រូវបានអនុម័តឡើង ដោយសភាតំណាងរាស្ត្រអាមេរិក ដែលតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើការបញ្ជាក់ជារៀងរាល់ឆ្នាំថា ទីក្រុងហុងកុងនៅតែប្រកាន់ភ្ជាប់ស្វ័យភាពរបស់ខ្លួន ដើម្បីទទួលបានលក្ខខន្តិកៈពិសេស ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ៕