ហុងកុង ៖ កាលពីថ្ងៃអង្គារសភាតំណាងរាស្ត្រអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលចង់បានដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងដែលមានគោលបំណងការពារសិទ្ធិស៊ីវិលនៅក្នុងទឹកដីពាក់កណ្តាលស្វ័យតមួយនេះដែលជាហេតុបង្កឲ្យមានការឆ្លើយតបខឹងសម្បាពីប្រទេសចិន។
ច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងដែលឥឡូវនេះនឹងយកទៅព្រឹទ្ធសភាមុនពេលវាក្លាយជាច្បាប់មួយនោះគឺបានទាញយកការគាំទ្រទ្វេភាគីដ៏កម្រនៅក្នុងសភាដែលមានលក្ខណៈចម្រុះ។ ច្បាប់នេះនឹងបញ្ចប់ឋានៈពាណិជ្ជកម្មពិសេសហុងកុង-អាមេរិកលុះត្រាតែក្រសួងការបរទេសបញ្ជាក់ជារៀងរាល់ឆ្នាំថា អាជ្ញាធរទីក្រុងនេះបានគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
ប្រទេសចិនបានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះការអនុម័តច្បាប់នេះដែលវាក៏តម្រូវឲ្យប្រធានាធិបតីអាមេរិកកំណត់និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវចំពោះការលុបបំបាត់ស្វ័យភាពនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងទីក្រុងហុងកុងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលហុងកុងប្រឈមមុខគឺមិនមែនជាអ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាបញ្ហានៃការបញ្ឈប់អំពើហឹង្សា ការរក្សាសណ្តាប់ធ្នាប់និងការរក្សានីតិរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
លោក Geng បាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការជ្រៀតជ្រែកហើយបានព្រមានថា ប្រទេសចិននឹងចាត់វិធានការរឹងមាំដើម្បីប្រឆាំងនឹងសេចក្តីស្នើច្បាប់របស់ហុងកុង។ ជារឿយៗ ប្រទេសចិនបានចោទប្រកាន់ “កម្លាំងខាងក្រៅ” ពីការបង្កភាពចលាចលរយៈពេលច្រើនសប្តាហ៍នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ៕