ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបម្រុងចូលទៅកាត់សក់ ខណៈមកដល់មុខហាងក៏ជាន់ហ្គារថយន្តច្រឡំស្មានតែហ្វ្រាំង ស្ទុះបុករះចូលទៅក្នុងហាងបណ្តាលឲ្យជាងកាត់សក់ប្រុស ស្រី ៣នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៩ស្ថិតនៅចំណុចហាងកាត់សក់ សម័យទំនើប នៅតាមបណ្តោយផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះរថយន្តមួយគ្រឿងម៉ាកក Camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 AF 5868 បើកបរពីទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុ មុខហាងកាត់សក់ អ្នកបើកបរបំរុងនឹងបត់រថយន្តចូលចត ដើម្បីចូលកាត់សក់ សង្ស័យជាន់ហ្គាច្រឡំស្មានថាជាហ្រ្វាំង បានបើកចូលទៅក្នុងហាងកាត់សក់ខាងលើទាំងកំរោលបណ្តាលឲ្យបុកជាងកាត់សក់ប្រុស ស្រី ៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល និងខូចខាតសម្ភារៈ នៅក្នុងហាងអស់មួយចំនួនធំ។ ចំណែកជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសនត្ថកិច្ចនគរបាលប៉ុស្តិផ្សារដើមគ សហការជាមួយកម្លាំងជំនាញចរាចរណ៏ខណ្ឌ បានចុះមកឃាត់ម្ចាស់រថយន្ត និងរថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕