បើកការដ្ឋានស្ថាបនាតភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅផ្លូវ២៧១ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2019 ក+ ក-

ភ្នំពេញ ៖ ការបើកការដ្ឋានស្ថាបនាផ្លូវបើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការធ្វើចរាចររបស់ប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ខណៈដែលផ្លូវខាងលើនេះ មានលក្ខណៈតូចចង្អៀតដោយសារតែមានផលប៉ះពាល់ជាមួយលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅទីនោះ។ តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយ ដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ។

ដើម្បីអោយដំណើរការនៃការបើកការដ្ឋានស្ថាបនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវ២៧១ ឲ្យបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុក អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីល្ងាចថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩ នេះ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធចុះធ្វើការត្រួតពិនិត្យទីតាំងដែលត្រូវស្ថាបនា ក្រោយពីមានការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅលើផ្លូវនេះរួចរាល់ ហើយគ្រឿងចក្របាន និងកំពុងរុះរើផ្ទះជាមួយ និងការចាក់ដីបំពេញ ។

ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ជម្រុញការងារនេះអោយបានលឿនដើម្បីបើកការដ្ឋានផ្លូវអ៊ុតកៅស៊ូ ដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។

តំណាងក្រុមហ៊ុន អាយ អេន ជី ហូលឌីង (ING Holding Co., Ltd) លោកកែវ សូថា នៅក្នុងខណៈដែលចុះពិនិត្យ នោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនេះ គឺខាងក្រុមហ៊ុនអនុវត្តទៅតាមយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់សម្ដេចតេជោហ៊ុនសែនគឺប្រជាពលរដ្ឋបានទទួលយកនូវសំណងរបស់ក្រុមហ៊ុនដោយសប្បាយរីករាយក្នុងចិត្ត ដោយសារតែក្រុមហ៊ុនសាងសង់លំនៅដ្ឋានជូនពួកគាត់ អភិវឌ្ឍន៍នៅនឹងកន្លែង។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះ ក៏ទទួលបានលំនៅដ្ឋានធ្វើអំពីថ្មដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរដោយពួកគាត់ទទួលបានផ្ទះល្វែងនៅក្នុងបុរីនៅក្បែរនឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះដែរ ។ ជាមួយនោះប្រជាពលរដ្ឋដែលមានបើកអាជីវកម្មនៅទីតាំងនេះ ខាងក្រុមហ៊ុនបានសាងសង់ផ្ទះជូនពួកគាត់នៅក្បែរទីតាំងដដែរ ហើយពួកគាត់នៅតែបន្តការបើកអាជីវកម្មបានដូចមុនដដែរ។

អ្វីដែលជាគម្រោងរបស់ ក្រុមហ៊ុន អាយ អេន ជី ហូលឌីង គឺការសហការ ជាអាជ្ញាធររាជធានីភ្នំពេញ បើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១ ដើម្បីសម្រួលឲ្យការដំណើររបស់ប្រជាពលរដ្ឋ បានធ្វើដំណើរស្រួល។

គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕