ភ្នំពេញ ៖ សម្រាប់៩ខែ ឆ្នាំ២០១៩ គយប្រមូលចំណូលសរុបមានប្រមាណជាង ៩.៧ ទ្រីលានរៀល (ប្រមាណ ២,៣៩១ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ៣៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា១០៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០១៩កាលពីដើមសប្តាហ៍នេះ។
លោកបណ្ឌិតបញ្ជាក់ថា បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំ-ខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធគយ (ពន្ធនាំចូល)មានកំណើនជិត៣៨%, អាករពិសេសកើនប្រមាណ ៣៩% និងអាករលើតម្លៃបន្ថែម(VAT)កើនជាង៣២%។
លោកបណ្ឌិតបញ្ជាក់ទៀតថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន (១)យានយន្តនិងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២)ប្រេងឥន្ធនៈនិងថាមពលប្រមាណជិត ១៧% នៃចំណូលសរុប និង(៣)ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការអនុវត្តកម្មវិធីកែទម្រង់របស់ អគរ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ កែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការយល់ដឹងកាន់តែទូលាយក្នុងការអនុវត្តកាតព្វកិច្ចពន្ធអាកររបស់ធុរជនពាក់ព័ន្ធ។
ដើម្បីឱ្យការប្រមូលពន្ធ និងអាករឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត លោកប្រតិភូបានណែនាំឱ្យមន្ត្រីគយ និងរដ្ឋាករខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ និងបានរំលឹកមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ឆ្នាំ២០១៩កន្លងមក។ លើសពីនេះ លោកប្រតិភូ បានណែនាំបន្ថែមដោយសង្កត់ធ្ងន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំលើការងារជំនាញសំខាន់ៗមួយចំនួនដូចជា ការពង្រឹងប្រសិទ្ធភាពនៃការងារបច្ចេកទេសគយ, អនុវត្តបន្តដូចភ្លៀងរលឹម ការងារបង្ការនិងបង្រ្កាបអំពើរត់គេចនិងបន្លំពន្ធ, ការធ្វើសាមញ្ញកម្មនីតិវិធីគយនិងកែលម្អសេវាគយបន្ថែមទៀត, ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, ជំរុញបញ្ចប់ យុទ្ធសាស្រ្តនៃ ការអនុវត្តច្បាប់ និងយុទ្ធសាស្រ្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង ការកសាងផែនការសកម្មភាព អគរ ឆ្នាំ២០២០ ជាដើម៕