ប្រវត្តិរបស់ក្រុងភ្នំពេញ នឹងត្រូវលាតត្រដាងតាមរយៈការតាំងពិព័រណ៍មួយនៅវិទ្យាស្ថានបារាំង ប្រចាំនៅកម្ពុជានាចុងខែកញ្ញានេះ។ ជាពិព័រណ៍ប្រចាំឆ្នាំដើម្បីបើក ឱកាសឲ្យប្រជាជនខ្មែរ និងបរទេស យល់កាន់តែច្បាស់ពីការកកើត និងការវិវឌ្ឍរបស់ក្រុងភ្នំពេញ ក៏ដូចជាជំរុញពួកគេនាំគ្នាគិតគូរបន្ថែមទៀតពីការអភិរក្សមរតក បេតិកភណ្ឌសំណង់អគារទៀតផង។
ពិព័រណ៍ពីក្រុងភ្នំពេញ សហការីពិព័រណ៍ដែលមានចំណងជើងថា «ភ្នំពេញ! មានកាលមួយនោះ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅវិទ្យាស្ថានបារាំងប្រចាំក្រុង ភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ព្រមទាំងបើកទ្វារជូនសាធារណជនទស្សនាដោយឥតគិតថ្លៃរហូតដល់ ថ្ងៃទី៩វិច្ឆិកា។
លោក រ៉ូមាំង លូវែរត៍ (Romain Louvert) ប្រធានវិទ្យាស្ថានបារាំងនៅកម្ពុជាមានប្រសាសន៍នៅក្នុងសន្និសីទ កាសែត នាថ្ងៃទី១៧កញ្ញានេះថា ពិព័រណ៍នេះមានសារៈសំខាន់ដើម្បីឲ្យខ្មែរនិងបរទេស ជាពិសេសយុវជនកម្ពុជា និងស្ថាបត្យករវ័យក្មេងជំនាន់ក្រោយ យល់កាន់តែច្បាស់ពីប្រវត្តិ និងការកកើតក្រុងភ្នំពេញ ព្រមទាំងយល់ពីទំនើបកម្មនៃរាជធានីក៏ល្អឆើតមួយនេះ។ លោកបន្តថា គេមិនអាចអភិវឌ្ឍក្រុង ដោយមិនយល់ ឬស្គាល់ពីប្រវត្តិរបស់ក្រុងច្បាស់នោះទេ។
ស្ថាបត្យកម្ម សួនច្បារ បរិស្ថានបៃតង និងសំណង់អាគារចាស់ៗ ដែលជា បេតិកភណ្ឌរបស់ក្រុងភ្នំពេញ កំពុងប្រឈមនឹងការអភិវឌ្ឍ។ នេះជាការលើកឡើងរបស់អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី នាយិកាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ។ អ្នកម្នាង មានប្រសាសន៍ថា អគារចាស់ៗ និងកន្លែងទាំងនោះ ជាផ្នែកមួយនៃជីវិតរបស់មនុស្សរស់ គឺជាតម្លៃសង្គម តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជារូបភាពលម្អក្រុង។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ថ្ងៃនៃការពិព័រណ៍ នឹងមានការតាំងបង្ហាញ ស្នាដៃស្ថាបត្យកម្ម ក្រោមប្រធានបទ «ផ្ទះល្វែងចិន» ដែលជាលទ្ធផលការប្រកួតប្រជែងប្រចាំរបស់ក្រុមនិស្សិតផ្នែក ស្ថាបត្យកម្ម ពីលេខ១ដល់លេខ៣។ លើសពីនេះ ក៏មានកម្មវិធីបញ្ចាំងឃ្លិបវីដេអូខ្លីៗ និងកុនខ្នាតវែងចំនួន៧របស់កម្ពុជានិងអន្តរជាតិ ដែលនិយាយរៀបរាប់ពីប្រវត្តិ ស្ថានភាព និងការវិវឌ្ឍរបស់រដ្ឋធានីលើពិភពលោក។
រូបថតស្តីពីប្រវត្តិក្រុងភ្នំពេញ រាប់រយសន្លឹក ក៏នឹងដាក់តាំងបង្ហាញក្នុងឱកាសនេះផងដែរ។ រូបថតទាំងនោះ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមូលពីទីកន្លែងជាច្រើនដូចជា បណ្ណាល័យជាតិនិងបណ្ណាសារដ្ឋានជាតិ អ៊ូតទ្រឺម៊ែរ (Outre-Mer) របស់ប្រទេសបារាំង មជ្ឈមណ្ឌលបេតិកភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ណាល័យជាតិ បណ្ណាសារដ្ឋាន និងសារមន្ទីរជាតិកម្ពុជា ព្រមទាំងរូបថតរបស់អង្គការ Sipar ហើយរូបភាពមួយចំនួនទៀត គឺជាការរក្សាទុករបស់ លោក អូលីវីយេ ដឺ ប៊ែរណុង៕ ប្រភព ៖ rfi