កណ្តាល ៖ រថយន្តធុនធំដឹកទំនិញជាច្រើនគ្រឿង ត្រូវបានក្រុមឈ្មួញបង្ហើបឲ្យដឹងថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ដែលនាំចូលដោយឧកញ៉ា សុខ ថៃ នៅតែបន្តនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិកោះធំ ក្នុងខេត្តកណ្តាល យ៉ាងគក្រឹកគគ្រេង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មន្ត្រីគយដែលប្រចាំនៅច្រកទ្វារទាំងនេះ បានធ្វើការត្រួតពិនិត្យដោយច្បោលៗប៉ុណ្ណោះ ដែលនាំឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មាន២ទីតាំងផ្សេងគ្នា គឺទី១ ស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អ្នកបើកបររថយន្តឈ្នួលម្នាក់ បានប្រាប់ មេគង្គប៉ុស្តី៍ ថា លោកឧកញ៉ា សុខ ថៃ រកស៊ីដឹកទំនិញចម្រុះចូលមកកម្ពុជា ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រង។
កន្លងមក បុរសវៀតណាម ឈ្មោះ យំាង រូបនេះ ធ្លាប់បានទទួលស្គាល់ថា លោកពិតជាអ្នកនាំទំនិញទាំងនេះ ចូលតាមច្រកជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា ទំនិញទាំងនេះ ជារបស់អភិបាលរងខេត្តកណ្ដាលម្នាក់ ដែលលោកមិនហ៊ានប្រាប់ឈ្មោះ។ យ៉ាងណាក៏ដោយ លោក យ៉ាំង បានសារភាព ថា បើមិនធ្វើដូច្នេះទេ លោកមិនអាចរកប្រាក់ចំណេញសម្រាប់ចែកជាមួយមន្ត្រីគយប្រចាំច្រកព្រំដែន និងមេគយខេត្តកណ្តាលឡើយ។
លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះសំណួរលើកឡើងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមឡើយ។
លោកឧកញ៉ា សុខ ថៃ ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាពេលថ្មីៗនេះថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែលោកបកស្រាយថា បានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញ ឆ្លងដែនជាមួយគ្នា។
ឈ្មួញដែលនាំចូលទំនិញស្របច្បាប់ បានអំពាវនាវឲ្យលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បើកការស៊ើបអង្កេតឃ្លាំងស្តុកទំនិញដែលសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕