ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរូបនេះ នៅក្រុងហ្សាការតា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ទីម័រខាងកើត ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចបានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។
សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចសង្ឃឹមថា លោកប្រធានាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។
លោក ចូកូ វីដូដូ គាំទ្រការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រខាងកើតក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូណេស៊ីគាំទ្រប្រទេសនេះ។ លោកប្រធានាធិបតី បានបញ្ជាក់ថា ជារឿងដ៏ល្អសម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។
ក្នុងជំនួបនោះដែរ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនប្រធានាធិបតីឥណ្ឌូណេស៊ីផងដែរ។ ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ប្រធានាធិបតី ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី ឯកឧត្តមបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។ ពិធីចូលកាន់តំណែងត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕